(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពី ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បី បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ នៅកម្ពុជា។ នោះគឺរក្សាគម្លាតបុគ្គលម្នាក់ៗ យ៉ាងតិច ១,៥ម៉ែត្រ ពាក់ម៉ាស់ ចៀសវាងអោបថើប ចាប់ដៃ និងមិនត្រូវចូលរួមពិធីជួបជុំ បុណ្យទាន ដែលមានមនុស្សច្រើន ជាដើម។
ក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺកូវីដ១៩ ឆ្លងតាមការប៉ះពាល់តំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមនុស្សម្នាក់ ទៅប៉ះមនុស្សម្នាក់ទៀត នៅពេលបុគ្គល ដែលមានផ្ទុកវីរុសកូវីដ១៩ និយាយ សើច ច្រៀង ក្អក ឬកណ្តាស់ ជាដើម។ តំណក់ទឹកតូចៗនោះ អាចខ្ទាតបានប្រហែលជាមួយម៉ែត្រកន្លះ ហើយអាចចូលទៅក្នុងមាត់ ភ្នែក និងច្រមុះបុគ្គល ដែលនៅជិតអ្នកមានវីរុសកូវីដ១៩ តិចជាងមួយម៉ែត្រកន្លះ។
តាមក្រសួងសុខាភិបាល តំណក់ទឹកតូចៗនេះ ក៏អាចធ្លាក់នៅលើផ្ទៃនៃវត្ថុនានា ហើយឆ្លងមកមនុស្ស ដោយបុគ្គលយកដៃទៅប៉ះផ្ទៃនៃវត្ថុទាំងនោះ ហើយមកប៉ះពាល់ជាមួយមាត់ ភ្នែក ច្រមុះ ដោយមិនបានលាងសម្អាតដៃឲ្យបានត្រឹមត្រូវ។
ដូច្នេះដើម្បីបញ្ជៀសពីហានិភ័យខ្ពស់ ដែលពិបាកនឹងប៉ាន់ស្មានបាននៃការចម្លងវីរុសកូវីដ១៩ដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ ក្រសួងសុខាភិបាល បានអំពាវនាវ និងណែនាំដល់បងប្អូនសាធារណជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តនួវិធានការសាមញ្ញៗ ដូចចា ការរក្សាគម្លាតសុវត្ថិភាពជាចាំបាច់ រួមជាមួយនឹងការអនុវត្តអនាម័យដៃស្អាតជានិច្ច និងការពាក់ម៉ាស់ នៅពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ ព្រមទាំងចៀសវាងការឱប ថើប ចាប់ដៃ ដោយជំនួសមកវិញនូវការសំពះ ឬការលើកដៃ ងក់ក្បាល ដែលមានចម្ងាយគម្លាតពីគ្នាឲ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ ជាដើម៕




