(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះថា មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ម្នាក់ទៀត ជាស្ត្រីជនជាតិអាមេរិក អាយុ ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ នៅភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី២ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើនេះ សរុប ៦៦នាក់ ដែលបានតេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺអវិជ្ជមានវីរុសកូវីដ១៩។ នៅថ្ងៃទី១០វិច្ឆិកា ធ្វើតេស្តលើកទី២ របស់ពួកគាត់ គឺមានវិជ្ជាមានវីរុសកូវីដ១៩ លើស្ត្រីជនជាតិអាមេរិកម្នាក់ខាងលើ។ រីឯអ្នកដំណើរ ៦៥នាក់ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ នៅពេលធ្វើតេស្តលើកទី១នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារ ៥កន្លែងនៅភ្នំពេញ ចំនួន ៤៧នាក់ នៅវិទ្យាល័យពោធិ៍ចិនតុង ១៦នាក់ និងនៅស្ថានទូតអាមេរិក ចំនួន ៣នាក់។ ដូច្នេះអ្នកដំណើរ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ៣៧នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឲ្យនៅបន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។
ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីជាសះស្បើយ ពីជំងឺកូវីដ១៩ នៅកម្ពុជាឡើយ។ ដូច្នេះសរុបទៅ មកដល់ម៉ោង ៧ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ សរុបចំនួន ៣០១នាក់។ ក្នុងនោះ ២៨៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕





