(បន្ទាយមានជ័យ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តការស៊ើបអង្កេតលើករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃមកកម្ពុជា ឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាមបន្ថែមទៀត នៅក្រុងប៉ោយប៉ែត។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថា កម្លាំងជំនាញបន្តការស៊ើបអង្កេត ដោយស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ លុះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១៩:១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង(រាជធានីភ្នំពេញ) និងឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ បន្តឈានទៅបង្ក្រាបបានបណ្តាញខ្សែរយៈ នៅចំណុចតាមបណ្តោយ ផ្លូវជិតផ្សារអគ្គមុខបេនឡានក្រុង ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន និងវត្ថុតាងរួមមាន ៖ ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់: ១-ឈ្មោះ សេង ដាលីនសិដ្ឋ ហៅ ចិន ភេទប្រុស កើត ១៩៨០ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ), ២-ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទស្រី កើត ១៩៧៥ ជនជាតិ ខ្មែរ, ៣-ឈ្មោះ ឯល ហ្វាយុ ហៅ ហុង ម៉េងសឺ ភេទប្រុស កើត ២០០៥ ជនជាតិ ខ្មែរ។ ខ-វត្ថុតាងចាប់យក: គ្រឿងញៀនសរុបទម្ងន់ ៨ គ.ក្រ ៧១៥,៦៧ ក្រាម ១-មេតំហ្វេតាមីន(ICE) ៥៦៨៥,៧២ ក្រាម ២-មេតំហ្វតាមីន(WY) ៣៨៤,៨៧ ក្រាម ៣-ហេរ៉ូអ៊ីន ៣២២,៣៨ ក្រាម ៤-អ៊ិចស្តាស៊ី ១៦៣៥,១៥ ក្រាម ៥-កេតាមីន ៦៧២,៩៧ ក្រាម និង៦-នីមេតាហ្សេប៉ាម ១៤,៥៨ ក្រាម។ ដោយឡែក សារធាតុមិនច្បាស់លាស់ ៩០២៨,៦៣ ក្រាម រួមទាំងអាវុធខ្លី ចំនួន ១ដើម ម៉ាក Glock ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
គួរជម្រាបថា មុននឹងឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ រួមទាំងវត្ថុតាងជាច្រើននេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងនោះ ចាប់បានជនសង្ស័យ ០១នាក់ ជាជនជាតិថៃ និងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង៨០,២៤ ក្រាម រូមទាំងវត្ថុតាងមួយចំនួនទៀត៕





