(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ ក្នុងលិខិត ៣ទំព័រ សម្តេចតេជោ ក៏បានរម្លឹកឡើងវិញ និងអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំងទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍។





