(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៨ ខែធ្ណូនេះថា មានពីអ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ មាន ១៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងចំណោមអ្នកជាសះស្បើយ សរុបចំនួន ១៧នាក់ កាលពីថ្ងៃទី១៧ ខែធ្នូ គឺមាន ១៥នាក់ ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រួមមាន៖ ១.បុរសជនជាតិខ្មែរ អាយុ ២០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ ២.ស្ត្រីជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ ៣.ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា បុគ្គលទាំង៣ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា អ្នកជាសះស្បើយផ្សេងទៀត រួមមាន៖ ៤.ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាកូនស្រីច្បងរបស់ឯកឧត្តមអគ្គនាយកពន្ធនាគារ និងជាអ្នកធ្វើការនៅពន្ធនាគារខេត្តសៀមរាប។ ៥.បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាក្មួយប្រុសរបស់អ្នកបើកបរឲ្យឯកឧត្តម អគ្គនាយកពន្ធនាគារ។ ៦.កុមារា ជនជាតិខ្មែរអាយុ ៧ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាក្មួយប្រុសរបស់អ្នកបើកបរឲ្យឯឧត្តមអគ្គនាយកពន្ធនាគារ។ ៧.បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ និង៨.កូនប្រុស អាយុ ០៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅបូរី លឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យួទ័រ ឈ្មោះ ឌីមកំព្យួទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា បុគ្គលទាំង ៥នាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ក៏បានបន្ថែមថា អ្នកជាសះស្បើយទី៩.ជាស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះជួល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ ១០.បុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl's Jr Burger ទួលទំពូង។ ១១.ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមន្ត្រីរាជការ នៅក្រសួងមហាផ្ទៃ បានចូលក្នុងហាង Zendo សាខាបឹងកេងកង។ ១២.បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជានិស្សិតច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចូលហាង Zendo សាខាបឹងកេងកង។ ១៣.ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលហាង Pedro ( ផ្លូវព្រះសីហនុ )។ ១៤.បុរសជនជាតិខ្មែរ អាយុ ២០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលហាង Pedro ( ផ្លូវព្រះសីហនុ )។ ១៥.ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ( ផ្លូវព្រះសីហនុ )។
ក្រសួងសុខាភិបាល បានកត់សម្គាល់បន្ថែមថា បុគ្គលទាំង ៥នាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនយណ ២ដង ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ដោយឡែក ករណីជាសះស្បើយ ចំនួន ២ករណីទៀត ជាអ្នកដំណើរចូលមកកម្ពុជា ដែលមិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាបុរសជនជាតិខ្មែរ-អាមេរិកកាំង អាយុ ៥៦ឆ្នាំ ស្នាក់នៅបុរី លឹមឈាងហាក់ ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន ( តៃវ៉ាន់ ) តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ រីឯម្នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់កម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា បុគ្គលទាំង ២នាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា វត្ថុសំណាក នៅសល់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ចំនួន ២៤៧សំណាក និងវត្ថុសំណាក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២៦៨សំណាក សរុបមានចំនួនទាំងអស់ ៥១៥សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន ៣៦៦សំណាក ត្រូវបានធ្វើវិភាគ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាក ចំនួន ១៤៩សំណាកទៀត ដែលត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ( ដោយសារវត្ថុសំណាកទាំងនេះ ទទួលបានក្រោយម៉ោង ១៧:០០ នាទីល្ងាចថ្ងៃទី១៧ ខែធ្នូ )។
ក្រសួងសុខាភិបាល បានប្រកាសថា គិតពីថ្ងៃទី២៨វិច្ឆិកា រហូតដល់ថ្ងៃទី១៧ ខែធ្នូ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤១នាក់ ( ស្រី ១៩នាក់ និងប្រុស ២២នាក់ )។ ក្នុងនោះ មានអ្នកជាសះស្បើយ សរុបចំនួន ២៨នាក់ ( ស្រី ១៩នាក់ និងប្រុស ២២នាក់ )។
ដោយឡែក នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់។ ក្នុងនោះ ៣៤១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ២១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ( ១៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ និង ៣នាក់ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន )៕






