(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ១៩ ជាសះស្បើយ និងបន្តតាមដានអ្នកពាក់ព័ន្ធមកធ្វើចត្តាឡីស័កទាន់ពេលវេលា និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
ប្រសាសន៍របស់សម្តេចពញាចក្រី បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមានម៉ាស ចំនួន៥ម៉ឺនម៉ាស និងជែលលាងដៃចំនួន៣ពាន់ដប ដើម្បីចែកជូនមន្រ្តីរាជការក្នុងរដ្ឋសភា និងប្រជាពលរដ្ឋសម្រាប់ការពារការឆ្លងជំជឺកូវីដ១៩ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិគ្រឹះចំការមនរាជធានីភ្នំពេញ។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រយៈពេលកន្លងមកនេះជំងឺកូវីដ១៩បានឆ្លងចូលក្នុងសហគមន៍យើងជាលើកដំបូង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ពិសេស ការចូលរួមយ៉ាងផុលផុសពីបងប្អូនប្រជាពលរដ្ឋយើង បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) នៅកម្ពុជាបានទាន់ពេលវេលា ធ្វើឱ្យសភាពការណ៍មានការធូរស្រាលឡើងវិញ។
ទន្ទឹមនឹងនេះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាត្រូវពាក់ម៉ាសជាប្រចាំ ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គម ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ដើម្បីការពារនិងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មកលើខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕



