(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវអោយអ្នកដាក់ពាក្យបង់ប្រាក់កម្រៃជើងសា ដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។
ស្ថានទូតបញ្ជាក់ថា រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។ រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែប៉ុណ្ណោះ។
ជាមួយគ្នានេះ ស្ថានទូតជប៉ុនអំពាវនាវដល់អ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ៕



