(រាជធានីភ្នំពេញ)៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ចុះធ្វើការបង្ក្រាប នៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ( ស្រី ០៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ជាង ៣៧កញ្ចប់តូចធំ និងសម្ភារៈ សម្រាប់សេពមួយចំនួនទៀតផងដែរ។
ការបង្ក្រាបនេះ ធ្វើឡើង នៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង ២០:១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយឃាត់ខ្លួន យុវជនប្រុសស្រី ជាជនសង្ស័យ ទាំង ១៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕




