អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើន​ដល់ ៨៤០​នាក់ តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើ​អ្នក​ប៉ះពាល់​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន ២១២​នាក់ ( ក្នុងនោះ មាន​ជនជាតិ​ហុង​គ្រី ម្នាក់ ) ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់គ្នា​។​

​ក្នុង​សេចក្តីប្រកាស ក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួន​សរុប​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ដែល​បានធ្វើ​តេស្ត ទាំងអស់​មាន ៨៤០​នាក់ សម្រាប់​ថ្ងៃទី​០៤ និង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល បានប្រកាស​ណែនាំ​ដល់​អ្នក​ដែល​ប៉ះពាល់​ទាំងអស់ ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​គេហដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ ចំនួន ៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក សម្រាប់ធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​១៩ ចាប់ពី​ម៉ោង ៧​ព្រឹក ទៅតាម​កាលបរិច្ឆេទ ដូចខាងក្រោម​នេះ​៖ លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លើក​ទី​៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ក្រើនរម្លឹក និង​ធ្វើការ​អំពាវនាវ​សាជាថ្មី​ម្តងទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ត្រូវ​ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) ជាពិសេស​នៅពេល​ចល័ត​ធ្វើដំណើរ និង​ពេល​ជួប​មនុស្សម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រមា​ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ សម្អាត​ដៃ​ជាប់​ជាប្រចាំ រក្សា​សុវត្ថិភាព​សង្គម និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង ដើម្បី​ចៀសវាង​ការចម្លង​វីរុស​កូ​វីដ​១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

​សូម​រម្លឹកថា រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នៅពេល​លោក​ទៅដល់​ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏​ត្រូវបាន​ពិនិត្យឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ តែ​លោក​មិនមាន​រោគសញ្ញា​អ្វី​ឡើយ​។​

​ភ្លាមៗ នៅ​កម្ពុជា បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​។ ក្នុងនោះ ក៏មាន​សម្តេច​តេ​ជោ និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជាច្រើន​ផ្សេងទៀត​។ តែ​លទ្ធផល​សុទ្ធតែ​បញ្ជាក់ថា មិនមាន​នរណាម្នាក់ ឆ្លង​មេរោគ​កូ​វីដ​១៩​ឡើយ​។ 

​យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង​អ្នកកាសែត ដែល​បាន​ប៉ះពាល់ និង​ធ្វើតេស្ត​លើក​ទី​១ ទទួលលទ្ធផល​អវិជ្ជមាន​នេះ បានធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក រយៈពេល ១៤​ថ្ងៃ តាម​ការកំណត់ និង​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​៕​

អត្ថបទដែលជាប់ទាក់ទង
ទូតគូបាសំណូមពរក្រសួងផែនការរបស់កម្ពុជា ជួយចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការងារស្ថិតិ
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ផ្តល់​ស្រូវពូជ​ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១០០ គ​.​ក ក្នុង ១​គ្រួសារ​
ព័ត៌មានជាតិ
សូមមានការប្រុងប្រយ័ត្ន ជាមួយឧបករណ៍ផ្ទុកទិន្នន័យដូចជា USB Flash Drive នៅពេលដែលលោកអ្នកឈប់ត្រូវការ
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៥​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ទេ​!
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី