ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធី កម្ទេច ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ សរុបចំនួន ៥៤០.៧ តោន​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គ.ប.ផ.ក បានប្រារព្ធពិធីកិនកម្ទេចឱសថខុសច្បាប់ចំនួន ៧.៧តោន និងផលិតផលក្លែងក្លែងក្លាយទូទៅចំនួន ៥៣៣ តោន សរុបរួមចំនួន ៥៤០.៧តោន ដែល គ.ប.ផ.ក បានបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាតំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដី មន្រ្តីរាជការ និងវិស័យឯកជនជាច្រើនរូប ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក បានថ្លែងថា នេះជាលើកទី៩ ដែលគណៈកម្មាធិការបានធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយ ហើយនៅព្រឹកនេះ មានផលិតផលចំនួន ៦ប្រភេទ ដែលបានត្រូវកម្ទេចរួមមាន ឱសថអន់គុណភាព និងខុសច្បាប់ ចំនួន៦មុខ ស្មើនឹង ៧.៧តោន និងផលិតផលក្លែងក្លាយទូទៅ ស្មើនឹង ៥៣៣តោន សរុបរួមទាំងអស់ចំនួន៥៤០.៧ តោន ក្នុងនោះរួមមាន ៖ឱសថ និងគ្រឿងសម្អាង ចំនួន ៣០មុខ,​គ្រឿងឧបភោគបរិភោគ (ផ្នែកទឹក ១២មុខ និងផ្នែកអាហារ ២៨មុខ), បារីអេទ្បិចត្រូនិច(ស៊ីសា) ៦មុខ, ផលិតផលប្រើប្រាស់ ៦មុខ និងថ្នាំកសិកម្មមួយចំនួនទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលឹកនូវអនុសាសន៍ណែនំា សម្តេចក្រទ្បាហោម ដែលបានណែនំាក្នុងពិធីកិនកម្ទេចកន្លងទៅ ឲ្យគណៈកម្មាធិការ យកចិត្តទុកដាក់ជាអាទិភាពលើការទប់ស្កាត់ និងបង្ក្រាបចំពោះផលិតផលទំាងទ្បាយណា ដែលយើងទាំងអស់គ្នាត្រូវហូបចូលទៅក្នុងពោះ ដូចជាថ្នាំពេទ្យ គ្រឿងបរិភោគជាដើម ហើយកន្លងទៅនេះគណៈកម្មាធិការបានចូលរួមបង្រ្កាប ឧបករណ៍សម្ភារៈ បង្ការជំងឺ កូវីដ ១៩ ក្លែងក្លាយ ជាច្រើនករណី ។

បន្ទាប់មក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកបញ្ហាឱសថក្លែងក្លាយ ខូចគុណភាព និងផលិតផលមិនមានគុណភាពត្រឹមត្រូវ និងក្លែងក្លាយខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ និងជាអាទិភាពមួយ ដ៏សំខាន់ ដែលចាំបាច់ត្រូវចាត់វិធានការឲ្យបានម៉ឺងមាត់ និងទាន់ពេលវេលា។ 

ឯកឧត្តម បានបន្តទៀតថា ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយ ខុសច្បាប់ កំពុងរីករាលដាលគួរឲ្យព្រួយបារម្ភស្របពេលដែលការលក់ដូរ ការចែកចាយ និងការផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធអនទ្បាញនូវផលិតផលផ្សេងៗ ជាពិសេសផលិតផលឱសថ អាហារបំប៉នសុខភាព និងផលិតផលផ្សេងៗទៀត ដែលគ្មានប្រភពច្បាស់លាស់ គ្មានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ គ្មានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល កំពុងមានសកម្មភាពយ៉ាងផុសផុល ដែលអាចបង្កគ្រោះថ្នាក់ និងផលវិបាកជាច្រើនដល់សង្គមជាតិ និងប្រជាពលរដ្ឋ រួមមានជាអាទិ៍ ៖

១ .គ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់ ៖ ការប្រើប្រាស់ឱសថ និងផលិតផលក្លែងក្លាយខុសច្បាប់ មិនត្រឹមតែមិនអាចជួយព្យាបាលជំងឺ និងជួយទ្រទ្រង់ដល់សុខភាពឲ្យបានល្អទេ ផ្ទុយទៅវិញ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

២. ផលប៉ះពាល់ផ្នែកសង្គម ជាពិសេសទំនុកចិត្ត របស់ប្រជាពលរដ្ឋ ៖ ធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់នូវទំនុកចិត្តលើប្រព័ន្ធសេវាសង្គម និងបាត់បង់ទំនុកចិត្តលើការប្រើប្រាស់ផលិតផលនានាទាំងក្នុងស្រុក និងផលិតផលនាំចូល។

៣.ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ៖ អ្នកប្រើប្រាស់ខាតបង់ពេលវេលា ថវិកា និងត្រូវការថវិកា បន្ថែមសម្រាប់ព្យាបាលជំងឺ ដែលអាចបង្កទ្បើងដោយសារការប្រើប្រាស់ឱសថខូចគុណភាព ខុសច្បាប់ និងផលិតផលក្លែងក្លាយ ។

ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការផលិត, ការនាំចេញ, ការនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺជាបទល្មើសមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ។

ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោលនូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ មន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ជាអាទិ៍ អ្នកនាំចូល និងអ្នកចែកចាយផលិតផលឱ្យបានតឹងរឹង និងឱ្យបានត្រឹមត្រូវតាមប្រភេទ នៃបទល្មើស ដែលកំណត់ក្នុងច្បាប់ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីធានាការពារសុខមាលភាព របស់ប្រជាជនកម្ពុជា និងដើម្បីកុំឱ្យបញ្ហានេះចេះតែកើតមាន និងរីករាលដាលឡើងបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូមសម្តែងនូវការកោតសរសើរនូវឆន្ទៈប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នាដៃ របស់គណៈកម្មាធិការ ដែលកន្លងមកបានសហការយ៉ាងល្អជាមួយបណ្តាអន្តរក្រសួង ស្ថាប័ននានា និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ ដើម្បីការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង
សូមមានការប្រុងប្រយ័ត្ន ជាមួយឧបករណ៍ផ្ទុកទិន្នន័យដូចជា USB Flash Drive នៅពេលដែលលោកអ្នកឈប់ត្រូវការ
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៥​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ទេ​!
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើន​ដល់ ៨៤០​នាក់ តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបើកសិក្ខាសាលាជាតិ ព្រឹកនេះនៅក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី