(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា ក្រោយបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមក សម្តេច គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ។ សម្តេច នៅបន្តតែបំពេញការងារដូចជា ពិនិត្យរបាយការណ៍ ពិនិត្យសម្រេច លើសំណើររបស់ក្រសួងស្ថាប័ន និងចុះហត្ថលេខាលើឯកសារជាដើម។
សម្តេចតេជោ ហ៊ុន សែប បានបានសរសេរសារផ្ទាល់ដៃបង្ហោះតាមរយៈ Facebook ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
«ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ ថ្ងៃ៤វិច្ឆកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ ពិនិត្យសម្រេចលើសំណើររបស់ក្រសួង ស្ថាប័ន និងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំ និងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។
ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្រាប់ករណីខ្ញុំ និងភរិយានិងអ្នកពាក់ព័ន្ធ ត្រូវយកសំណាកធ្វើតេស្តរហូត ៤ដង។ លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកា និងលើកទី៤ ដែលជាលើកចុងក្រោយ គឺនឹងត្រូវធ្វើនៅថ្ងៃទី១៨ វិច្ឆិកា ២០២០។
ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ ទាំងខ្ញុំ និងភរិយា ក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀត ខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែក នៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា ដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។
បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមក មួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តដ៏ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។
ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើង និងក្នុងប្រទេសយើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន»៕



