សម្តេច​តេ​ជោ ហ៊ុន សែន​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូនប្រុស​ច្បង ហ៊ុន កំសត់ នៅ​ក្នុងសម័យ​ខ្មែរក្រហម​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​តាម​ហ្វេ​ស​ប៊ុ​កនូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូនប្រុស​ច្បង​របស់​សម្តេច «​ហ៊ុន កំសត់​» នៅ​ក្នុងសម័យ​ខ្មែរក្រហម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ថ្ងៃ​១០ វិច្ឆិកា ២០២០ ខាងមុខនេះ ជា​ខួប​លើក​ទី ៤៤​ឆ្នាំ នៃ​ការស្លាប់​យ៉ាង​វេទនា​របស់​កូនប្រុស​ច្បង​របស់ខ្ញុំ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)​។ លើក​នេះ ខ្ញុំ​ចង់​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូន​ខ្ញុំ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​ខ្ញុំ និង​ភរិយា បាន​រៀបការ​នៅ​ថ្ងៃ​៥ មករា ១៩៧៦ ពិតមែនតែ​ក្រោយ​រៀបការ​ប្តី​ប្រពន្ធ​យើង​មិនបាន​រស់នៅ​ជាមួយគ្នា​ដោយសារ​ពួក​អង្គ​ការយក​ភរិយា​ខ្ញុំ​ទៅ​លត់​ដំ​ឱ្យ​លើក​ប្រព័ន្ធ​ភ្លឺស្រែ ប៉ុន្តែ​ខ្ញុំ​តែងតែ​ខិតខំ​រក​ពេល​ទៅ​ជួប​ភរិយា​ខ្ញុំ​។ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​១៩៧៦ ភរិយា​ខ្ញុំ​ចាប់​មាន​ផ្ទៃពោះ​ហើយ​ធ្វើឱ្យ​នាង​ចាញ់កូន​យ៉ាងខ្លាំង​។ ទោះ​មាន​ផ្ទៃពោះ និង​ចាញ់កូន​ក៏​ភរិយា​ខ្ញុំ​នៅតែ​ខិតខំ​ធ្វើការ​យ៉ាង​លំបាក​តាម​ការចាត់តាំង​របស់​អង្គការ​ស៊ី​អត់​ស៊ី​ឃ្លាន ដូច​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ផ្សេងទៀត​ដែរ​។ ប្តី​ប្រពន្ធ​យើង ពិតជា​កំសត់ យើង​មិនដែល​បានរស់នៅ​ជាមួយគ្នា​លើស​ពីមួយ​សប្តាហ៍​ឡើយ ខ្ញុំ​តែង​ស្រក់​ទឹកភ្នែក​អាណិត​ប្រពន្ធ​ពេល​នាង​ចាញ់កូន និង​មាន​ជម្ងឺ​ដោយសារ​ធ្វើការ​ធ្ងន់​ហួសកម្លាំង​»​។​

​សម្តេច​តេ​ជោ បន្តថា «​ក្នុង​ខែតុលា ១៩៧៦ ខ្ញុំ​បាន​សុំ​អង្គ​ការយក​ភរិយា​ខ្ញុំ ទៅ​ទីបញ្ជាការ​កងវរសេនាធំ ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ (​ពេលនោះ គេ​បង្កើតជា​ស្រុក​ត្រ​មូង​) មុន​បញ្ជូន​នាង ទៅកាន់​មន្ទីរពេទ្យ​។ យុទ្ធ​មិត្ត​ក្នុង​អង្គភាព ក៏ដូចជា​ប្រជាជន​នៅ​ភូមិ​កោះ​ថ្ម និង​ភូមិ​ក្តុល​បានផ្តល់​មតិ​មក​ខ្ញុំ​ថា ទុក​ភរិយា​ខ្ញុំ​ឱ្យ​ឆ្លងទន្លេ នៅក្នុង​អង្គភាព ដោយ​ឆ្មប​បុរាណ​។ ដោយសារ​ការព្រួយបារម្ភ​អំពី​ការឆ្លង​ទន្លេ​កូន​ដំបូង ហើយ​ដែល​អាច​ឈានដល់​ការវះកាត់ ខ្ញុំ និង​ភរិយា បាន​ពិភាក្សាគ្នា ហើយ​សម្រេច​ថា ត្រូវ​ឆ្លងទន្លេ នៅ​មន្ទីរពេទ្យ សុវត្ថិភាព​ជាង​»​។​

 សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្តថា «​ចុងខែ​តុលា ១៩៧៦ ខ្ញុំ​បាន​បញ្ជូន​ភរិយា​ខ្ញុំ មកកាន់​មន្ទីរពេទ្យ​តំបន់ ដែលមាន​ទីតាំង នៅ​ស្រុក​មេមត់ (​ពេលនេះ ជា​វិទ្យាល័យ​មេមត់​)​។ នៅ​មន្ទីរពេទ្យ មាន​គ្រូពេទ្យ​ស្ត្រី​ម្នាក់ ជា​ពេទ្យឆ្មប ដែល​ធ្លា​ប់រៀន​ពេទ្យ​ជាមួយ​ភរិយា​ខ្ញុំ ដែលជា​ពេទ្យឆ្មប​ដូចគ្នា​។ ឯ​ប្រធាន​មន្ទីរពេទ្យ គឺជា​មនុស្ស​ល្អ និង​រាប់អាន​ជាមួយ​ខ្ញុំ​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​ខ្ញុំ​មានការ​ជឿទុកចិត្ត​ទៅលើ​មន្ទីរពេទ្យ​នេះ​។ ជា​អកុសល តាំងពី​ពេល​យក​ភរិយា​ចូល​មន្ទីរពេទ្យ នា​ចុងខែ​តុលា ១៩៧៦ ខ្ញុំ​ពុំដែល​បាន​ទៅ​ជួប​ភរិយា​ខ្ញុំ​ទេ ដោយសារ​ជាប់​កិច្ចការ​ផង និង​ប្រធាន​យោធា​តំបន់ ដែល​មក​នៅ​អង្គភាព​ខ្ញុំ ខ្វះ​អា​ធ្យា​ស្រ័យ​ផង ដែល​មិនអាច​សុំច្បាប់ ទៅ​មើល​ប្រពន្ធ​បាន​។​

​ដូច​ទេវតា​បានរៀបចំ នៅ​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា ១៩៧៦ ប្រធាន​យោធា​តំបន់ បាន​ប្រាប់​ខ្ញុំ​ថា ព្រឹកស្អែក​(១០ វិច្ឆិកា​) សែន​ឯង ត្រូវធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ ទៅ​ស្រុក​ពាមជីលាំង (​ស្រុក​ពាមជីលាំង បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៣ ដោយ​យក​ឃុំ​ខ្លះ​នៃ​ស្រុក​ត្បូងឃ្មុំ និង​ឃុំ​ខ្លះ​នៃ​ស្រុក​ក្រូចឆ្មា​)​។ ខ្ញុំ​ត្រេកអរ​ខ្លាំងណាស់ ហើយ​សង្ឃឹមថា និង​បាន​ចូល​មើល​ប្រពន្ធ នៅ​មន្ទីរពេទ្យ ព្រោះ​ផ្លូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ ដែល​មន្ទីរពេទ្យ នៅជាប់​នឹង​ផ្លូវ​ស្រាប់​។ ជាមួយនឹង​ការរីករាយ​ខ្ញុំ ក៏មាន​ការងឿងឆ្ងល់​លើ​ប្រធាន​យោធា​តំបន់​រូបនេះ ដោយសារ​ការធ្វើដំណើរ ទៅ​ស្រុក​ពាមជីលាំង គឺ​ទៅរក​នារី ១០០​នាក់ ដើម្បី​រៀបការ​ឱ្យ​យុទ្ធជន​ពិការ​ដែលជា​កិច្ចការ​របស់​ស្នងការ​នយោបាយ មិនមែន​រូបខ្ញុំ ដែល​ទទួល​ការងារ​សេនាធិការ​នោះឡើយ​។​

​ខ្ញុំ​បាន​ចោទ​ចេញ​ជា​សំនួរ ថា​តើ​គាត់ អាច​បោក​ខ្ញុំ យកទៅ​ចាប់ នៅក្រៅ​អង្គភាព ឬទេ​? ព្រោះ​វា​ជា​របៀប ដែល​ពួកនេះ ធ្លាប់​បានធ្វើ​ពីមុនមក ក្នុង​ការចាប់​កម្មាភិបាល​យុទ្ធជន វា​តែង​ប្រាប់ថា ទៅ​រៀន ឬ​ទៅ​បំពេញការងារ ឬ​បេសកកម្ម នៅក្រៅ​អង្គភាព​។ បញ្ហាសំខាន់ ដែល​ធ្វើអោយ​ខ្ញុំ​ទទួលបញ្ជា​យ៉ាង​ឆាប់​នោះ គឺ​ខ្ញុំ​ចង់​ឆ្លៀត​ចូល​មើល រ៉ានី ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មេមត់ ព្រោះ​យើង​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ កាត់​តាម​មុខ​មន្ទីរពេទ្យ​នេះ​»​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា «​អាស្រ័យ​ដោយ​និស្ស័យ​ប្តី និង​ប្រពន្ធ ឪពុក និង​កូន នៅ​យប់​ថ្ងៃ​៩ ឈានដល់​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្ញុំ​ដេក​មិន​លក់​សោះ សម្លេង​សត្វ​មៀម ខ្លែងស្រាក និង​សត្វ​ផ្សេងៗ​ទៀត បាន​យំ​ឭ​កងរំពង​ចេញពី​ដើម​ជ្រៃ​ដ៏​ធំ ដែល​នៅ​ឃ្លាត​ពី​ផ្ទះ​ខ្ញុំ​ប្រហែល ៣០​ម៉ែត្រ ធ្វើអោយ​ខ្ញុំ​ព្រឺក្បាល​។ ខ្ញុំ​មាន​អារម្មណ៍​ថា នឹងមាន​ហេតុការណ៍ មិនល្អ សម្រាប់​ខ្ញុំ​ហើយ ព្រោះ​តាំងពី​ធំ​ដឹងក្តី​មក ខ្ញុំ​ហាក់​មាន​អ្នក​តាម​ថែរក្សា ដែល​អាចអោយ​ខ្ញុំ​ដឹង​មុន​នូវ​ហេតុការណ៍ ដែល​នឹង​កើត​នាពេលខាងមុខ ទាំង​ល្អ ទាំង​អាក្រក់ តាមរយៈ​នៃ​ការ​យល់សប្តិ ឬ​តាមរយៈ​សត្វ​យំ ឬ​ប្រផ្នូល​ផ្សេងៗ​ទៀត​។​ល​។ យប់នោះ ខ្ញុំ​នឹក រ៉ានី ខ្លាំងណាស់ ហើយ​គិតថា រ៉ានី អាច​ឆ្លងទន្លេ​យប់​នេះ​។ ខ្ញុំ​ដេក​មិន​លក់​សោះ ហើយ​ក្រោយ​ម៉ោង ១២​យប់ សត្វ​មិន​គ្រាន់តែ​នៅ​ដើម​ជ្រៃ​ប៉ុណ្ណោះ​ទេ ដែល​យំ តែ​នៅ​ដើមឈើ​ក្រៅ​បន្ទាយ ក៏​ស្រែកយំ គួរអោយ​តក់ស្លុត​។ ក្រោយ​ម៉ោង ១២​យប់ ជា​ពេលដែល រ៉ានី ចាប់ផ្តើម​ឈឺពោះ​ឆ្លងទន្លេ​។ ម៉ោង​ប្រហែល ២​រំលង​អា​ធ្រា​ត ចូលដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្ញុំ​ចេញមកក្រៅ​ផ្ទះ ឃើញ​ភ្លើង​ហោះ​ចេញពី​ដើម​ជ្រៃ ទៅ​កន្លែង​ផ្សេង និង​ពី​កន្លែង​ផ្សេង​មក​ដើម​ជ្រៃ​វិញ​។ សម្លេង​សត្វ​យំ កាន់តែ​កងរំពង​ខ្លាំង​ឡើង ហាក់​ចង់​ដាស់តឿន​ខ្ញុំ​ថា ខ្ញុំ​នឹង​ជួប​គ្រោះ​។ ខ្ញុំ​ព្រឺក្បាល កាន់តែខ្លាំង និង​នឹក​ទៅដល់​ភរិយា​របស់ខ្ញុំ កាន់តែខ្លាំង​។ ខ្ញុំ​អង្គុយ​យំ​ម្នាក់ឯង អាណិត​ខ្លួន អាណិត​ប្រពន្ធ ដែល​ខំ​មក​តាម​ប្តី ក្នុងពេលដែល​ប្តី​មិនអាច​ការពារ និង​ថែទាំ​ប្រពន្ធ​បាន រហូត​ខ្ញុំ​គិតថា មិនគួរ​មាន​ប្រពន្ធ មានកូន ក្នុងពេលដែល​ប្រទេសជាតិ កំពុង​ជួបនឹង​គ្រោះថ្នាក់​បែបនេះ​ទេ​។ ខ្ញុំ​មិន​សម្រាក​ទេ និង​បន់​អោយតែ​មេឃ​ឆាប់​ភ្លឺ​»​។ 

​សម្តេច​តេ​ជោ បន្តថា «​ខ្ញុំ​បាន​ពិនិត្យ​សម្ភារៈ​របស់ខ្ញុំ​ឡើងវិញ ដែល​កាំភ្លើង​ខ្ញុំ បាន​បញ្ចូល​គ្រាប់កាំភ្លើង​ខ្លីម៉ាក K54 សម្រាប់​ក្រវ៉ាត់ នឹង​ចង្កេះ និង​កាំភ្លើងខ្លី​មួយ​ដើម​ទៀត​ម៉ាក K59 ដាក់​ក្នុង​កាបូបស្ពាយ​របស់ខ្ញុំ​។ កាំភ្លើង​ទាំង ២​ដើម បើក​សោរ ត្រៀមប្រយុទ្ធ​ហើយ​ស្រេច ព្រោះ​បារម្ភ​ប្រធាន​យោធា​តំបន់ បោក​ខ្ញុំ យកទៅ​ចាប់ ឬ​សម្លាប់​ក្រៅ​អង្គភាព​»​។​

​សម្តេច​តេ​ជោ បន្តទៀតថា «​ម៉ោង​ប្រមាណ​៥ មិនទាន់​ភ្លឺ​ផង ប្រធាន​យោធា​តំបន់ បាន​ជិះ​ម៉ូតូ​មកដល់​ផ្ទះ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា តើ​រៀបចំខ្លួន​ហើយ​ឬ​នៅ យើង​ចេញដំណើរ​ទាន់ពេល​ព្រឹក​។ ខ្ញុំ​បាន​ឆ្លើយតប​ថា រួចហើយ​បង​។ ប្រធាន​យោធា​តំបន់ បាន​ប្រាប់​ខ្ញុំ​ថា សែន​ឯង​ជា​អ្នកជិះ​ម៉ូតូឌុប​ខ្ញុំ​។ ពេលនោះ ខ្ញុំ​គិតថា ពិតជា​មិន​ស្រួល​ហើយ ហេតុ​អី​គាត់​អោយ ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់​ទៅវិញ​? ឆ្លៀតពេល​មិនទាន់​ចេញពីផ្ទះ ខ្ញុំ​បាន​ដើរចូល​ទៅក្នុង​បន្ទប់​ដកយក​កាំភ្លើង​ចេញពី​ស្រោម​មក​សៀត​នឹង​ចង្កេះ​ឆ្វេង​វិញ​ងាយស្រួល​ប្រើ​ដៃស្តាំ​ដកចេញ ហើយ​បាញ់​តែម្តង​។ ពេល​ជិះ​ម៉ូតូ​ចេញមក​តាមផ្លូវ​ខ្ញុំ គិតថា ប្រសិន​ម្នាក់នេះ ដក​កាំភ្លើង​ភ្ជង់​ខ្ញុំ​ពីក្រោយ ខ្ញុំ​ត្រូវ​ផ្តួល​ម៉ូតូ​ភ្លាម ដើម្បីឱ្យ​ដួល​ទាំងអស់គ្នា និង​ដើម្បី​កុំអោយ​គាត់​បាញ់​ខ្ញុំ​ពីក្រោយ​បាន​។ ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​អោយ​លឿន ព្រោះ​គាត់​ពិតជា​មិន​ហ៊ាន​បាញ់​ទេ នៅពេល​ម៉ូតូ នៅមាន​ល្បឿន​លឿន​។ នេះ​ជាការ ដែល​ខ្ញុំ​គិត ដើម្បី​ការពារ​ជីវិត នាពេលនោះ តែ​រឿង​បែបនេះ មិនបាន​កើតឡើង នាពេល​នោះទេ ដូចនេះ បានជា​ខ្ញុំ​យក​កា​រស​ន្ឋិ​ដ្ឋា​ន​មួយ​ថា មូលហេតុ ដែល​គាត់​អោយ​ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់ អាច​បណ្តាលមកពី​គាត់ មិន​ទុកចិត្ត​ខ្ញុំ ខ្លាច​ខ្ញុំ​បាញ់​គាត់ ពីក្រោយ​ដូច ដែល​ខ្ញុំ​គិត​ទៅលើ​រូបគាត់ នៅ​ពីក្រោយ​ខ្ញុំ​ដែរ​។ ផ្លូវជាតិ​លេខ​៧ ពី​ឃុំ​ទ​ន្លូ​ង មក​មន្ទីរពេទ្យ នៅ​អនុវិទ្យាល័យ​មេមត់ ទទួលរង​ការខូចខាត​យ៉ាងខ្លាំង តាំងពី​ឆ្នាំ​១៩៧០-១៩៧១ ពេលដែល​កងទ័ព​អាមេរិក និង​វៀតណាម​ខាងត្បូង បញ្ជូន​រថក្រោះ​មក​បើកបរ​លើផ្លូវ​នេះ នៅពេលដែល​គេ​ចូល​ឈ្លានពាន​កម្ពុជា នាពេលនោះ​។ ដូចនេះ ទោះ​ត្រូវ​ជិះ​លឿន ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៣០​គីឡូម៉ែត្រ យើង​ត្រូវ​ប្រើពេល​ប្រមាណ​មួយ​ម៉ោង​។ ចេញមក​ម៉ោងជាង ៥ មកដល់​មន្ទីរពេទ្យ​ម៉ោងជាង ៦​ព្រឹក​។ ពេល​ដល់​មន្ទីរពេទ្យ ខ្ញុំ​បត់​ម៉ូតូ​ចូល​មន្ទីរពេទ្យ ប្រធាន​យោធា​តំបន់​សួរ​ខ្ញុំ​ថា ចូល​មន្ទីរពេទ្យ​ធ្វើ​អី​? ខ្ញុំ​ឆ្លើយថា ចូល​មើល​ប្រពន្ធ​ខ្ញុំ​បន្តិច ព្រោះ​គាត់​សម្រាក​ពេទ្យ​នៅទីនេះ​។ គាត់​ថា តែ​បន្តិច​ទេ​ណា ប្រញាប់​ធ្វើដំណើរ​ទាន់​ព្រឹក​»​។ 

​សម្តេច​តេ​ជោ បន្តថា «​ក្រោយ​ម៉ោង ៦​ព្រឹក ភាព​តក់ស្លុត បានកើត​ឡើង សម្រាប់​រូបខ្ញុំ គឺ​នៅពេលដែល​ខ្ញុំ​បាន​ចូលដល់​មន្ទីរពេទ្យ មាន​ស្ត្រី ដែល​សម្រាក​ព្យាបាល​ជាមួយ​ភរិយា​ខ្ញុំ បាន​ស្រែកប្រាប់​ខ្ញុំ​ថា ប្អូន ប្រពន្ធ ប្អូន ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ​។ ឯ​បងៗ​ផ្សេងទៀត ស្រែកថា រ៉ានី ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ​។ មាន​បងស្រី​ម្នាក់ បាន​និយាយថា រវល់​ទៅណា មិន​មក​មើល​ប្រពន្ធ ទុកអោយ​ប្រពន្ធ​ឆ្លងទន្លេ​តែឯង​។​ល​។​

​ខ្ញុំ​ពុំ​ឆ្លើយតប​ជាមួយ​ពួកគាត់​ទេ តែ​ប្រឹង​រត់​សំដៅទៅ​បន្ទប់​សម្រាលកូន​ដែល​បិទទ្វារ​ជិត ខ្ញុំ​រុញ​ទ្វារ​បើក​ឡើង មិនឃើញ រ៉ានី ទេ​ព្រោះ ពេទ្យ​បាន​បញ្ជូន រ៉ានី នៅ​បន្ទប់​សម្រាក​មួយ​ផ្សេងទៀត​។ និស្ស័យ​ឪពុក និង​កូន ខ្ញុំ បែរជា​សម្លឹង​ទៅ​ឃើញ​ទារ​កមួយ ដែល​កំពុង​ហូរឈាម​ចេញ​តាម​មាត់ មាន​ស្លាកស្នាម និង​ឆ្អឹងខ្នង​ប៉ះ​នឹង​ជ្រុង​គ្រែ បាក់ឆ្អឹង​ខ្នង និង​មាន​ប្រឡាក់​ដី​។ នោះ​គឺ​កូន​នេះ កើតមក ត្រូវ​ពេទ្យ​ធ្វើអោយ​របូត​ពី​ដៃ​ធ្លាក់​ទៅលើ​ជ្រុង​គ្រែ ហើយ​ធ្លាក់​ទៅ​ដី ទើប​រើស​ពី​ដី មក​ដាក់​ចោល​លើ​គ្រែ​វិញ​។ ដោយ​ឃើញ កូន​នៅ​ហូរឈាម តាម​មាត់​នៅឡើយ ខ្ញុំ​ប្រឹង​ស្រែក​អោយគេ​ជួយសង្គ្រោះ​ជីវិត​កូន​ខ្ញុំ​។ អ្នក​ជម្ងឺ ជា​ស្ត្រី ៥​នាក់ បាន​ចូល​មកជួយ​មើល​ដោយ​ក្តី​អាណិត បន្តិចក្រោយមក​ប្រធាន​មន្ទីរពេទ្យ ក៏បាន​ចូលមក​ដល់​។ គាត់ ក៏​ជាម​នុស្ស​ល្អ​ម្នាក់ បាន​សំដែង​នូវ​ការសោកស្តាយ និង​សុំ​កា​រអា​ធ្យា​ស្រ័យ​ជំនួស​គ្រូពេទ្យ ដែល​ធ្វើការ​ធ្វេសប្រហែស ធ្វើអោយ​មានរឿង​សោកនាដកម្ម​នេះ កើតឡើង​។ ខ្ញុំ​បានស្នើ​សុំ​ប្រធាន​មន្ទីរពេទ្យ អោយជួយ​រក​ចបកាប់ ដើម្បី​ខ្ញុំ​យក​សាកសព​កូន​ខ្ញុំ ទៅ​កប់​ប៉ុន្តែ​ស្រាប់តែ​ប្រធាន​យោធា​តំបន់​ស្រែក​ពី​មាត់ទ្វារ​មក​ថា មិនបាច់​យក​ខ្មោច​កូន​នេះ ទៅ​កប់​ខ្លួនឯង​ទេ មាន​ពេទ្យ​យកទៅ​កប់​ហើយ​។ ពេល​ឃើញ ប្រធាន​យោធា​តំបន់​មកដល់ ខ្ញុំ​ក៏បាន​ស្នើសុំ​ទៅ​គាត់ ដោយ​ពាក្យ​រាបសា​រទាំង​ទឹកភ្នែក​ថា ខ្ញុំ​សុំ​អនុញ្ញាត​ពី​បង ដើម្បី​យកស​ពកូន​ទៅ​កប់ និង​នៅ​មើលថែ​ប្រពន្ធ​ខ្ញុំ ដែល​ទើប​ឆ្លងទន្លេ​។ អា​ឃោរឃៅ​មួយ​នេះ ចាប់ផ្តើម​បញ្ចេញ​នូវ​សារជាតិ​របស់​វា​មកហើយ វា​មិន​គ្រាន់តែ​មិន​ចូលរួម​សោកស្តាយ​នូវ​ការបាត់បង់​ដ៏​ធំធេង​របស់ខ្ញុំ តែ​វា​បែរជាយក​ពេលនេះ មក​បំបាក់ស្មារតី​ខ្ញុំ​ទៀតផង​។ ចម្លើយ​របស់​វា​មកកាន់​ខ្ញុំ​ដំបូង វា​និយាយថា ចរិត​ពួក​អនុ​ធន មិន​កែប្រែ​សោះ កម្មសិទ្ធិ មនោសញ្ចេតនា​ក្រាស់ មិត្តឯង មិនមែន​គ្រូពេទ្យ​ទេ បើ​មិត្តឯង​នៅ ក៏​អា​កូន​នេះ មិន​រស់​ឡើងវិញ​ដែរ​។ មាន​ពេទ្យ​យក​ខ្មោច​កូន​នេះ ទៅ​កប់​ហើយ​មិនបាច់​កប់​ខ្លួនឯង​ទេ​។ ការងារ​អង្គការ​សំខាន់​ជាង​ការងារ​បុគ្គល​»​។​

 សម្តេច​តេ​ជោ បន្ថែមថា «​ឮ​សំដី​បែបនេះ កំហឹង​ខ្ញុំ​ក្តៅ​រោលរាល​ពេញ​ខ្លួន តែ​ការអត់ធ្មត់ គឺជា​រឿង​ចាំបាច់ ព្រោះ​ការដឹកនាំ​ការតស៊ូ​រំដោះប្រទេស​ពី​ពួក​អង្គការ ទើប​អស់​មនុ​ស្សបែប​តិរច្ឆាន​នេះ​។ មុន​វា​ដើរ​ចេញទៅ វា​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ទៅ​ចាំ​នៅ​ខាងក្រៅ ១៥​នាទី ត្រូវ​ចេញដំណើរ​។ ប្រធាន​មន្ទីរពេទ្យ ដែល​នៅ​ទីនោះ​ដែរ សំដែង​ការហួសចិត្ត​ផង និង​ភ័យខ្លាច​ផង ហើយ​ចូលរួម​អាណិតអាសូរ​ដល់​ខ្ញុំ​។ ជាមួយ​ទឹកភ្នែក ដែល​ស្រ​ក់មក​មិន​ឈប់ ខ្ញុំ​បាន​ទាញយក​ក្រ​ម៉ា ពី​ករ​ខ្ញុំ ដែល​សើម​ដោយ​ទឹកភ្នែក​របស់ខ្ញុំ មក​រុំ​សព​កូន​របស់ខ្ញុំ ហើយ​ស្នើសុំ​ប្រធាន​មន្ទីរពេទ្យ អោយជួយ​រក​ក្រដាស់​សរសេរ​អក្សរ​ថា (​កំសត់​) ដាក់​ក្នុង​កូន​ដប ដើម្បី​យកទៅ​កប់​ជាមួយ​កូន​ខ្ញុំ​។ បំណង​របស់ខ្ញុំ គឺ​ដាក់ឈ្មោះ​កូន​នេះ មាន​ឈ្មោះថា “​កំសត់​” និង​ងាយ​ចំណាំ ដោយ​យើង​មាន​អក្សរ នៅក្នុង​ដប​បិទ​ជិត​។ ខ្ញុំ​មិន​ច្បាស់​ថា ប្រធាន​មន្ទីរពេទ្យ ធ្វើតាម​សំណូមពរ​ខ្ញុំ ឬ​អត់​នោះទេ ព្រោះតែ​ប៉ុន្មាន​ខែក្រោយ​មក គាត់​ក៏ត្រូវ​ពួក​អង្គការ ចាប់​យកទៅ​សម្លាប់​ដែរ​។ ដូចនេះហើយ ទើប​ខ្ញុំ​មិនដឹងថា សព​កូន​របស់ខ្ញុំ​កប់​នៅទីណា ពិតប្រាកដ​។ បន្ទាប់ពី​រុំ​សព​កូន និង​ផ្តាំផ្ញើ​ជាមួយ​ប្រធាន​មន្ទីរពេទ្យ​រួចហើយ ខ្ញុំ​ប្រញាប់​ទៅរក រ៉ានី ដែល​កំពុង​អាំងភ្លើង នៅ​បន្ទប់​មួយទៀត​។ តាមពិត រ៉ានី មិនបាន​ឃើញ​មុខ​កូន​យ៉ាងណា​នោះទេ​។ យើង​ជា​ប្តី​ប្រពន្ធ​ក្មេងៗ មើលមុខ​គ្នា យំ ដោយ​ការ​ស្តាយស្រណោះ​។ ខ្ញុំ​មិនមាន​ក្រ​ម៉ា​ជូត​ទឹកភ្នែក​ទៀត​ទេ ដោយសារ​ក្រ​ម៉ា បាន​យកទៅ​រុំ​សព​កូន​ទៅហើយ មាន​ដៃ​អាវ​ទាំងសងខាង សម្រាប់​ជូត​ទឹកភ្នែក​ដ៏​ឈឺចាប់​នេះ​។ រ៉ានី ផ្តល់​ក្រ​ម៉ា​អោយ​ខ្ញុំ ទាំង​ខ្លួន​នាង នៅរ​ងារ​ញ័រញាក់ បន្ទាប់ពី​ឆ្លងទន្លេ ទើបបាន​ប្រហែល​ជាង​មួយ​ម៉ោង​។ សាកសព​កូន មិនបាន​យកទៅ​កប់ ភរិយា​ទើប​ឆ្លងទន្លេ មិនបាន​នៅ​មើលថែទាំ តើ​ទំហំ​នៃ​ការឈឺចាប់​ប៉ុណ្ណា​? តែ​ខ្ញុំ​បាន​យកឈ្នះ​លើ​ចិត្ត​ខ្លួ​ង​ឯង ដើម្បី​ធ្វើ​ការងារ​ធំ​ជាង គឺ​រំដោះប្រជាជន កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​»​។​

​សម្តេច បន្ថែមថា «​ខ្ញុំ​បន្តដំណើរ​ជាមួយ​ប្រធាន​យោធា​តំបន់ ទៅ​ឃុំ​ពាមជីលាំង ស្រុក​ពាមជីលាំង នាពេលនោះ និង​ជា​ស្រុក​ត្បូងឃ្មុំ នាពេលនេះ​។ នេះ​ជាការ​ធ្វើដំណើរ​ដោយ​បង្ខំចិត្ត ក្នុងពេលដែល​វិញ្ញាណ​ទាំងអស់ នៅ​ជាមួយ​ភរិយា​ដ៏​កំសត់ និង​ការសោកស្តាយ ចំពោះ​កូន ដែល​បាត់បង់​ជីវិត​ទៅ​។ យើង​បានធ្វើ​ដំណើរ និង​ធ្វើការ​នៅ​ទីនោះ មួយ​យប់ និង​មួយ​ព្រឹក ពេល​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ពួកយើង​បានធ្វើ​ដំណើរ​ត្រឡប់មក​អង្គភាព​វិញ​។ ក្នុងពេល​ធ្វើដំណើរ ខ្ញុំ​បាន​ឆ្លៀត​ស្នើសុំ​ប្រធាន​យោធា​តំបន់​សាជាថ្មី​ម្តងទៀត ដើម្បី​បាន​នៅ​មើលថែទាំ​ភរិយា​ខ្ញុំ​។ ប៉ុន្តែ​សំណើ​ដដែល ចម្លើយ​ក៏​ដដែល​ដែរ បន្ថែម​ដោយ​ការអប់រំ​មកលើ​ខ្ញុំ​ថា ខ្វះ​ចរិត​ដាច់ខាត ក្រោយពេល​មាន​ប្រពន្ធ​។ ខ្ញុំ​ខឹង​ខ្លាំងណាស់ ស្ទើរតែ​អត់ទ្រាំ​មិនបាន បំរុង​ទាញ​កាំភ្លើង​បាញ់​អា​ចង្រៃ​នេះ នៅ​ម្តុំ​បុ​ស្ត​តា​កុក ចន្លោះ​ភូមិ​ស្អំ និង​ភូមិ​ដារ ដែល​ពេលនោះ មាន​សុទ្ធ​តែព្រៃ គ្មាន​មនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូច​ពេលនេះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​អត់ធ្មត់​បាន ដើម្បី​ដឹកនាំ​ការតស៊ូ​មួយ ដែល​ខ្លួន​បាន​ម្ចាស់ការ រៀបចំ​កម្លាំង​ជា​បណ្តាញសម្ងាត់​មួយចំនួន​រួចមកហើយ និង​ដែលមាន​មួយចំនួន ត្រូវគេ​ចាប់ខ្លួន​រួចទៅហើយ ដូចនេះ ចលនា​តស៊ូ ត្រូវតែមាន​ជា​បន្ត មិនអាច​បាត់បង់​ដោយសារ​កំហឹង​របស់ខ្ញុំ បានឡើយ​»​។​

​សម្តេច​តេ​ជោ បន្ថែមថា «​ម៉ោង​ប្រហែល ៤​ល្ងាច ម៉ូតូ​មកដល់​មុខ​មន្ទីរពេទ្យ ខ្ញុំ​ឈប់​ម៉ូតូ​ដោយ​មិន​និយាយ​អ្វី​ទាំងអស់ ព្រោះ​ខ្ញុំ​ជា​អ្នកជិះ​ស្រាប់​។ ខ្ញុំ​ដើរ​ចូលទៅ​បន្ទប់ ដែល រ៉ានី សម្រាក​ពិនិត្យឃើញ រ៉ានី ហើម​មុខ ហើម​ខ្លួន បន្ទាប់ពី​ឆ្លងទន្លេ​បាន​ប្រហែល ៣៥​ម៉ោង​។ ដោយសារ រ៉ានី ជា​គ្រូ​ពេទ្យឆ្មប​ស្រាប់ នាង​បាន​ប្រាប់​ខ្ញុំ​ថា អាចមកពី​ពេទ្យ​កាយ​ទម្លាក់​សុក​មិន​អស់​។ ពួកយើង​បាន ត្រឹម​ទឹកភ្នែក តែ រ៉ានី ហាក់​រឹងប៉ឹង​ជាង​ខ្ញុំ និង​យល់​ពី​ការងារ​ដែល​ខ្ញុំ​ត្រូវធ្វើ ទោះ​ខ្ញុំ​មិនដែល​ប្រាប់​នាង​ក៏ដោយ​។ ខ្ញុំ​ចាកចេញ​ទាំង​ទឹកភ្នែក ដោយ​ការ​អាណិត​ភរិយា និង​ពុំបាន​ទៅ​សួរ​ប្រធាន​មន្ទីរពេទ្យ​អំពី​ទីកន្លែង ដែល​កប់​សាកសព​កូន​ខ្ញុំ​ដែរ​។ មកដល់​អង្គភាព ខ្ញុំ​បាន​យក​រឿងនេះ ទៅ​ជម្រាប​ប្រធាន​នយោបាយ​អង្គភាព ដែល​គាត់​ជា​មនុស្ស​ចិត្តបុណ្យ​ម្នាក់ និង​មាន​អាយុ​ប្រហែល​ឪពុក​ខ្ញុំ​។ គាត់​បានអនុញ្ញាត អោយ​យក រ៉ានី ទៅ​ព្យាបាល​នៅ​អង្គភាព​។ គាត់​បាន​សំដែង​នូវ​ការហួសចិត្ត​ចំពោះ​ទង្វើ​ប្រធាន​យោធា​តំបន់​មកលើ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា ម្នាក់នេះ ជា​អតីត​ចោរលួច​គោ​អ្នកស្រុក ទៅ​លក់ អោយ​វៀត​កុង នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ដល់​ប៉ូលិស​តាមរក​ចាប់ ក៏​រត់​ចូល​ព្រៃ​តស៊ូ​ជាមួយ​ខ្មែរក្រហម ក្នុងអំឡុង​ឆ្នាំ​១៩៦៨ ទើប​គេ​ក្លាយជា​អ្នកមានអំណាច​ដ៏​អស្ចារ្យ ក្នុង​របប​ខ្មែរក្រហម​។ ប្រហែល​ដោយសារ​ប្រធាន​នយោបាយ​អង្គភាព បាន​ប្រាប់​ទៅ​គាត់​ថា ខ្ញុំ​អន់ចិត្ត និង​ដោយសារ​យុទ្ធជន ក្នុង​អង្គភាព​នេះ ស្ថិតក្រោម​បញ្ជា​ខ្ញុំ ទើប​ធ្វើអោយ​ប្រធាន​យោធា​តំបន់​រូបនេះ ចាក​ចេញពី​អង្គភាព តាំងពី​ព្រលប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ទៅ​រស់នៅ​ទីបញ្ជាការ​យោធា​តំបន់ នៅ​ចំការ​ដូង ស្រុក​មេមត់ ដែល​ទើប​កសាង​រួច​។ មុនពេល​ភ្លឺ ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្ញុំ​ប្រញាប់​ចេញទៅ​មន្ទីរពេទ្យ ដើម្បី​ដឹកយក រ៉ានី មក​អង្គភាព​របស់ខ្ញុំ ដែល​បោះទីតាំង នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង​។ ពេលមកដល់​ក្រឡេកឃើញ​យុទ្ធ​មិត្ត​ខ្ញុំ បាន​ជួយ​រៀបចំ​បន្ទប់​ជញ្ជាំង​ភ្ជល់​អោយ​ខ្ញុំ​។ ពួកគេ​បានដឹង​ពី​រឿង​កូន​ខ្ញុំ​ស្លាប់ និង​ភរិយា​ខ្ញុំ​ឈឺ ពួកគេ​បាន​ចូលរួម​សោកស្តាយ និង​ការលំបាក​ជាមួយ​ប្តី​ប្រពន្ធ​របស់​ពួកយើង​។ ជា​សំណាង ល្អ​ដែល​ខ្ញុំ​បាន​យក រ៉ានី មកអោយ​ឆ្មប​បុរាណ កាយ​ទម្លាក់​សុក​ទាន់ពេល បើ​ពុំ​នោះទេ នឹង​ទៅជា​ក្រឡាភ្លើង និង​ឈានទៅ​គ្រោះថ្នាក់​ដល់​ជិវិត​ជាមិនខាន​ឡើយ​។ ខ្ញុំ​បាន​បំពេញភារកិច្ច​ជា​ស្វាមី​ពិតប្រាកដ សម្រាប់​ភរិយា​មួយរូប ដែល​បាន​លះបង់​គ្រប់យ៉ាង ដើម្បី​រូបខ្ញុំ ដែលជា​ជនពិការ​ម្នាក់​។ ខ្ញុំ​រកបាន​អុស​ល្អៗ ដើម្បី​ដុត​កំដៅ ដែល​ជំនាន់​ដើម ហៅថា (​អាំងភ្លើង​) ក្រោយ​ឆ្លងទន្លេ​រួច​។ ឆ្នាំ​១៩៧៦ ត្រូវ​នឹង​ឆ្នាំ​ដែលមាន​ធាតុអាកាស​ត្រជាក់​ណាស់​។ រ៉ានី មិនចេះ​ផឹកស្រា ដែល​ខ្ញុំ​បាន​ផ្សំ​ទុកជា​មួយ​សត្វ​អា​ញី និង​ទឹកឃ្មុំ​។ ដូចនេះ​ខ្ញុំ​ត្រូវ​រក​វិធី​ផ្សំ​ថ្នាំ​តាម​ចាស់ៗ​និយាយប្រាប់​។ ខ្ញុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំ​ដើម្បី​សុខភាព​ភរិយា​។ សក់​ក្បាល​របស់ខ្ញុំ​សំបូរ​ដោយ​ផេះ ព្រោះ​ត្រូវ​ផ្លុំភ្លើង​ដាំ​ថ្នាំ​ដាំបាយ​បំរើ​ភរិយា​។ រៀងរាល់​ព្រឹក ក្នុង​ចន្លោះ​ម៉ោង​៤ ដល់​ម៉ោងជាង​៥ ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​លាប​ពន្លៃ ត្រាំ​ស្រា និង​ដុត​ភ្លើង​ឱ្យ​ប្រពន្ធ​»​។​

 សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមទៀតថា «​ខ្ញុំបំរើ រ៉ានី ដូច​បំរើ​ម្តាយ​ចាស់​ប្រហែល​ជាង​កន្លះ​ខែ ទើប​រឹង​ដៃ​រឹង​ជើង តែ​ខ្ញុំ​នៅតែ​ចាត់ទុកថា ភរិយា​ខ្ញុំ​នៅ​ស​សៃ​ខ្ចី​នៅឡើយ​។ ដូចនេះ​បានជា​ខ្ញុំ មិន​បណ្តោយអោយ​នាង​ធ្វើ​អ្វី ហើយ​ខ្ញុំ​ក៏​មិន​ទៅណា​ឆ្ងាយ​ចោល​នាង​ដែរ​។ ទោះបី​ជួប​ការលំបាក តែ​នេះ​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​បានរស់នៅ​ជាមួយគ្នា​លើស​មួយ​សប្តាហ៍ បន្ទាប់ពី​រៀបការ​ហើយ​។ ប្តី​ប្រពន្ធ​យើង បានរស់នៅ​ជាមួយគ្នា ដោយ​មិនសូវមាន​ការរំខាន​ពី​ពួក​អង្គការ ដូចពេលមុន​ឡើយ​។​

​នេះ​ជាការ​ឈឺចាប់ ដែល​មិនអាច​បំភ្លេចបាន ចំពោះ​រឿងរ៉ាវ ដែល​កូនប្រុស​ច្បង បាន​ស្លាប់ តែ​ការឈឺចាប់​នោះ​ហើយ ដែល​បាន​ជួយ​លើកទឹកចិត្ត​ខ្ញុំ ឱ្យ​ងើបឈរ​ឡើង ដើម្បី​សង្គ្រោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី​ខែមករា ឆ្នាំ​១៩៧៩»៕​

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រថ្លែងអំណរគុណ ​មហាមិត្តចិន ​ដែលបានផ្តល់ជំនួយសប្បុរសរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ
ព័ត៌មានជាតិ
រដ្ឋសភា ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន ៦ នៅ​ព្រឹក​ថ្ងៃទី​២​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ខេត្តតាកែវ បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុង ស្រុក ដើម្បី​ងាយ​ទទួលយក​បញ្ហា​ប្រឈម ឬ​សំណូមពរ​នានា ពី​ពលរដ្ឋ​
ព័ត៌មានជាតិ
សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ប្រគល់​អង្ករ ថវិកា និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
ក្រសួង​ការងារ ណែនាំ ពី​នីតិវិធី​នៃ​ករា​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​
ព័ត៌មានជាតិ
សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី