(ភ្នំពេញ)៖ សមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងក្រុមហ៊ុនឯកជនចិន បានប្រគល់នូវអង្ករចំនួន ៤០តោន ថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក និងគ្រឿងបរិក្ខារពេទ្យមួយចំនួន រួមមាន ម៉ាស់ពេទ្យចំនួន ៥០០០ម៉ាស់, អាវការពារពេទ្យចំនួន ១០០ឈុត, របាំងមុខពេទ្យចំនួន ២០០, និងម៉ាស៊ីនវាស់កំដៅ ចំនួន ៤០ដើម ជូនឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឆ្លៀតឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានថ្លែងអំណរគុណ ចំពោះការរួមចំណែកដ៏សំខាន់របស់សមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងក្រុមហ៊ុនឯកជនចិន ក្នុងការផ្ដល់ជាគ្រឿងបរិក្ខារពេទ្យ អង្ករ និងថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហា ដោយសារគ្រោះមហន្តរាយធម្មជាតិ។
សូមរម្លឹកថា ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានអនុញ្ញាតឲ្យសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន និងក្រុមហ៊ុនឯកជនចិន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ កិច្ចប្រជុំនេះ ក៏ចូលរួមពីឯកឧត្តមអគ្គលេខាធិការរង តំណាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនផងដែរ។
ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងថែរក្សាសន្តិភាព និងសន្តិសុខរបស់ប្រទេសជាតិ ដើម្បីផ្ដល់បរិយាកាសងាយស្រួលដល់ការវិនិយោគបរទេសកាន់តែច្រើនពីគ្រប់ទិសទីចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា៕




