(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ជាថ្មីថា អ្នកផ្តល់ឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចាប់ពីពេលលោកឡើងធ្វើជាប្រធាន ជំនួសលោកវេជ្ជបណ្ឌិត ហុក គឹមចេង គឺមិនអាចយកបណ្ណផ្តល់ឈាមស្ម័គ្រចិត្តនោះ មកប្តូរយកឈាម បានទៀតនោះទេ។ ការធ្វើដូច្នេះ ត្រូវបានលោកវេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់ថា ដើម្បីទប់ស្កាត់ការទិញលក់ឈាម។
នៅក្នុងសារជាសំឡេង ក្នុងក្រុមតេឡេក្រាម កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា «សំខាន់ កាលណា យើងអនុញ្ញាតឲ្យគេយកកាតមកដូរបាន គឺពួកហ្នឹង លក់ពេញហ្នឹងតែម្តង ព្រោះគាត់យកកាតនោះ ទៅលក់ឲ្យអ្នកត្រូវការ ហើយយកមកបើកឈាមនៅកន្លែងយើងដែរ។ នេះជាគោលបំណងដើម ដែលយើងលុប ឈប់ឲ្យយកកាត មកប្តូរឈាមបាន។ ម្យ៉ាងទៀត ការបរិច្ចាគឈាម ១ដង មិនស្មើនឹងឈាម ១សាក់ទេ ពីព្រោះឈាម ដែលបរិច្ចាគមកភ្លាមៗ មិនទាន់ស្អាត។ អីចឹង ក្នុងចំណោមឈាម ១០០ សាក់ គឺយើងចោលអស់ ១០សាក់ហើយ។ អីចឹង បើយើងយក ១ ដូរ ១ ក៏យើងងាប់ដែរ»។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់ថា «វាបង្កនូវការជួញដូរ ( ឈាម ) យ៉ាងអាណាធិបតេយ្យហើយ កន្លងមក»។
ការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមដូច្នេះ ឆ្លើយតបនឹងការលើកឡើងរបស់លោក អ៊ុយ សំណាង ដែលអះអាងថា មានក្មួយស្រី ឈឺ ហើយត្រូវការឈាម។ ប៉ុន្តែនៅពេលរូបលោក បងប្អូន សាច់ញាត្តិ ដែលមានបណ្ណផ្តល់ឈាមស្ម័គ្រចិត្តកន្លងមក ហើយយកទៅដូរយកឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម បែរជាដូរមិនបាន៕



