* ទ្រព្យសម្បិត្តគ្មានដែនកំណត់
"ចំណេះវិជ្ជាគឺជាទ្រព្យដែលគ្មាននរណាម្នាក់វាស់បានឡើយ "
រាល់ការធ្វើអាជីវកម្មទាំងអស់ ដែលទទួលបានភាពជោគជ័យមិនអាចកើតឡើងដោយធម្មជាតិ ដោយភាពងាយស្រួល ឬដោយភាពចៃដន្យនោះទេ។ គ្រប់យ៉ាងកើតឡើងចេញពីភាពក្លាហាន ចេញពីការសម្រេចចិត្ត ចេញពីភាពប្រឹងប្រែងនិងការរៀនពីកំហុសជាប្រចាំ "កុំហុសមិនអាចកើតឡើងចំពោះអ្នកដែលអង្គុយនៅស្ងៀមនោះទេ"។ ពីព្រោះគ្រប់ការងារដែលសហគ្រិនជោគជ័យបានធ្វើគឺស្ថិតនៅក្នុងគោលដៅយ៉ាងច្បាស់ ដោយឈរលើខ្សែបន្ទាត់នៃគុណភាពទំនាក់ទំនង សូមចងចាំថា " កម្រិតគុណភាពរបស់សហគ្រិន អាស្រ័យទៅលើកម្រិតគុណភាពទំនាក់ទំនង "។
សហគ្រិនដែលបានទទួលជោគជ័យជានិរន្តរ៍ ពួកគាត់បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ដើម្បីឲ្យក្លាយជាអ្វីមួយនៅពេលខាងមុខ ហើយពួកគេជឿលើចក្ខុវិស័យរបស់ខ្លួន " ប្រសិនបើអ្នកជឿលើខ្លួនឯងជោគជ័យនិងចូលរួមជឿលើអ្នក" ។
ខាងក្រោមនេះ ជាគោលដៅចម្បង ៥ចំណុច សម្រាប់សហគ្រិនដើម្បីពង្រីកសមត្ថភាពលើធុរកិច្ចរបស់ខ្លួន។
១. គិតធំ "ខ្ញុំអាចធ្វើបាន"
" ប្រសិនបើអ្នកគិតថា អាចធ្វើបាន អ្នកនឹងមើលឃើញនូវវិធីជាច្រើនដើម្បីឲ្យសម្រេចបានចំពោះការគិតនោះ "
ការប្រកាន់នៅជំហរថា : គ្មានអ្វីដែលមិនអាចទៅរួចនោះទេ បើអ្នកមិនទាន់ធ្វើវានោះ ពាក្យពេចន៍ទាំងអស់នោះ មានតម្លៃលើសពីអ្វីដែលអ្នកបានគិត ក្នុងកម្រិតដែលអ្នកមានអំឡុងពេលពេលបច្ចុប្បន្ន ប៉ុន្តែអ្នកត្រូវចាប់ផ្ដើមធ្វើពីឥឡូវនេះទៅ " ប្រសិនបើអ្នកនៅតែបន្តការប្រៀបធៀបការវាយតម្លៃមកលើខ្លួនឯងអ្នកមិនអាចមានចិត្តក្លាហានគិតធំបានឡើយ។
២. ប្រកាន់យកការគិតវិជ្ជមាន:
សហគ្រិនជោគជ័យ មានមូលហេតុដែល ពួកគេជោគជ័យពីព្រោះពួកគេផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានទាំងឡាយ នៅក្នុងផ្នត់គំនិតចាស់ៗរបស់ពួកគេ ដោយបញ្ចូលឬជំនួសមកវិញនៅនូវផ្នត់គំនិតវិជ្ជមាន។
"ប្រសិនបើអ្នកមានការគិតអវិជ្ជមាន អ្នកនឹងមើលឃើញពីពន្លឺនៃភាពជោគជ័យរចេញពីក្នុងខ្លួនរបស់អ្នក " ដូច្នេះហើយ សូមអ្នកព្យាយាមកែប្រែគំនិតអវិជ្ជមានចោលហើយទទួលយកឥរិយាបថល្អៗសម្រាប់ខ្លួនឯងវិញ " ការគិតអវិជ្ជមាន គឺជាឧបសគ្គរាំងផ្លូវរបស់អ្នកមិនឲ្យធ្វើដំណើរទៅដល់កន្លែងដែលអ្នកចង់ទៅ រីឯ ការគិតវិជ្ជមាននឹងពាំនាំរូបអ្នកទៅដល់ទីកន្លែងតើអ្នកចង់ទៅ "
៣. គិតអំពី ឈ្នះឈ្នះរួមគ្នា
សហគ្រិនដែលទទួលបានផលធំៗពីព្រោះពួកគេបានគិតធំ ពួកគេតែងតែប្រកាន់យកនូវកិច្ចសហប្រតិបត្តិការ ដែលជាស្នូលធំមួយក្នុងទិសដៅរួម " ឈ្នះឈ្នះទាំងអស់គ្នា " ប្រសិនបើខ្ញុំបានចំណេញ អ្នកក៏បានចំណេញ គឺគ្មានអ្នកណាខាតឡើយ។
ក្រុមហ៊ុនមួយជោគជ័យទៅបាន មិនមែនអាស្រ័យទៅលើតែ អតិថិជន ក្នុងរយៈពេលខ្លីនោះទេ។ តែអ្វីដែលសំខាន់នោះគឺ ការសហការជាមួយនឹងដៃគូផ្សេងៗ ដើម្បីរីកចម្រើនរយៈពេលយូរព្រមទាំងភាពរីករាយរបស់បុគ្គលិកគ្រប់ផ្នែកនៅក្នុងស្ថាប័នផងដែរ ដូច្នេះហើយការប្រកាន់យកភាពត្រឹមត្រូវ និង ការប្រកាន់យកភាពយុត្តិធម៌ គឺជាអ្វីដែលពួកគេត្រូវធ្វើ ក្នុងបុព្វហេតុនៃសហប្រតិបត្តិការ។
៤. ក្លាហានសារភាពចំពោះកំហុស
" កំហុសពិតប្រាកដរបស់សហគ្រិន គឺពួកគេមិនព្រមកែកំហុសដដែលដដែល "កំហុសវាមិនមែនជារឿងធំដែលធ្វើឱ្យអ្នកបាក់មុខមាត់ដូចអ្នកបានគិតនោះឡើយ តាម ការពិតកំហុសគឺជាគ្រាប់ពូជ នៃភាពវាងវៃ នៃភាពត្រឹមត្រូវ សម្រាប់ជំហានបន្ទាប់ ប្រសិនបើអ្នកទទួលស្គាល់នូវកំហុសនោះ ។ នៅក្នុងលោកយើងនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះឡើយសូម្បីតែផ្ទាំងគំនូរដ៏ល្អមួយត្រូវបានឆ្លងកាត់ការប្រើខ្មៅដៃ ដែលត្រូវលុបជាច្រើនដង " ខ្មៅដៃដែលល្អ គឺខ្មៅដៃដែលមានជ័រលុប "។
៥. ផ្នត់គំនិតនិងការតាំងចិត្តត្រូវតែរឹងមាំ
" គ្មានផលធំទាំងឡាយណា កើតឡើងចំពោះអ្នកគិត ស្រាលៗ ឬលំៗ ដោយគ្មានការតាំងចិត្ត មុតមាំបានឡើយ "
នៅពេលដែលអ្នកដឹងច្បាស់ថា អ្នកចង់បានអ្វីឲ្យប្រាកដនោះ គ្មានអ្វីដែលជាឧបសគ្គសំរាប់អ្នកទៀតឡើយពីព្រោះភាពពិតប្រាកដបានធ្វើឲ្យអ្នកក្លាហានជាងមុន បានធ្វើឲ្យអ្នកលះបង់ទម្លាប់ដែរអត់ប្រយោជន៍ ដើម្បីធ្វើកិច្ចការចាំបាច់ៗ ហើយនៅពេលនោះ នឹងជួបមនុស្សជាច្រើន ដែល មានជំនាញនិងមានគំនិតជួយដល់អ្នក លើកស្ទួយអ្នកឲ្យទទួលបានជោគជ័យ។ ប៉ុន្តែរឿងទាំងអស់នោះ " ពួកគេត្រូវការដំបូងគឺអ្នកត្រូវមានការតាំងចិត្តមុតមាំ" ។
និពន្ធដោយ លោក : សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)




