(ភ្នំពេញ)៖ តាមកម្មវិធីដែលបានគ្រោងទុក គឺនៅម៉ោង ៨ព្រឹក ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភា នឹងបន្តសម័យប្រជុំ លើកទី៥ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួន ដែលក្នុងនោះ របៀបវារៈទី១ គឺការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម។
សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេច កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។
កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ង្វៀន សួនហ្វ៊ុក បានចុះហត្ថលេខា ទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបាន ចំនួន ៨៤%។ ភាគីទាំងពីរ បានព្រមព្រៀង បោះបង្គោលព្រំដែន សរុបចំនួន ៣១៤ បង្គោល រួចរាល់ហើយ។ កម្ពុជា-វៀតណាម មានព្រំដែនគោក ប្រវែង ១២៧០ គីឡូម៉ែត្រ៕




