(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ បានបន្តពិភាក្សាលើរបៀបវារៈ ស្តីពី “សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនី ស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ”។
គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មី ចំនួន ៣ គម្រោងបន្ថែមទៀត គឺ៖
- គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០ មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង
- គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន ៥០០គីឡូវ៉ុល ពីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ
- គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន ៥០០គីឡូវ៉ុល ពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ។
ផលប្រយោជន៍សំខាន់នៃការអភិវឌ្ឍន៍គម្រោងនេះ ក្រៅពីផលិតអគ្គិសនី ៥២៧ លានគីឡូវ៉ាត់ម៉ោង ក្នុង ១ឆ្នាំ ដែលមានថ្លៃ ៧,៩២ សេនអាមេរិក ក្នុង ១គីឡូវ៉ាត់ម៉ោង ថេរ ៣៥ឆ្នាំ គម្រោងនេះ នឹងជួយស្តុកប្រភពទឹកភ្លៀងនៅរដូវវស្សាបន្ថែមទុក នៅក្នុងអាងទឹកថ្មីទាំង២ នៃគម្រោងវារីអគ្គិសនីតាតៃលើ ដែលជួយកាត់បន្ថយការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនី នៅវារីអគ្គិសនីស្ទឹងតាតៃ នៅរដូវវស្សា និងស្តុកទឹកនេះ ទុកសម្រាប់ការផលិតអគ្គិសនី នៅវារីអគ្គិសនីស្ទឹងតាតៃលើ នៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងតាតៃ នៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១០៨ លានគីឡូវ៉ាត់ម៉ោងបន្ថែមទៀត។ ផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ បទប្បញ្ញត្តិជាធរមាន និងការលើកទឹកចិត្តវិនិយោគ រដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោង ដូចតទៅ៖
- ចំណូលពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុកលើចំណាយការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ សរុបចំនួន ១៩៩ ៧០៥ ៩៨៤ ដុល្លារអាមេរិក ក្នុងរយៈពេលសម្បទាន ៣៩ឆ្នាំ
- ក្នុងករណីអាករលើតម្លៃបន្ថែម (VAT) ត្រូវបានដាក់ឱ្យអនុវត្ត រដ្ឋនឹងទទួលបានចំណូលពីអាករនេះសរុបចំនួន ១៤៤ ៦២៣ ៥៥៦ ដុល្លារអាមេរិក ក្នុងរយៈពេល ៣៥ឆ្នាំ នៃអាណត្តិប្រតិបត្តិការអាជីវកម្ម។ ចំណូលពន្ធខាងលើ នៅមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដទៃទៀត៕



