(អន្តរជាតិ)៖ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានអនុម័តថ្នាំប្រឆាំងមេរោគ រ៉េមដេស៊ីវា (Remdesivir) របស់ក្រុមហ៊ុនផលិតឱសថ ជីលីដ (Gilead Sciences) សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកនៅឯមន្ទីរពេទ្យហើយ ជាថ្នាំដំបូងគេបង្អស់ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់ព្យាបាលជំងឺនេះនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
ការយល់ព្រមជាផ្លូវការរបស់ FDA បានធ្វើឡើងតែប៉ុន្មានម៉ោង មុនការតស៊ូមតិលើកចុងក្រោយរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនឹងដៃគូប្រជែងរបស់លោក គឺលោក ចូ បៃដិន ដែលបានធ្វើឡើងនៅមុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
ជម្រាបដែរថាថ្នាំ រ៉េមដេស៊ីវា (Remdesivir) គឺជាថ្នាំមួយក្នុងចំនោមថ្នាំ ដែលត្រូវបានប្រើដើម្បីព្យាបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំឡុងពេលដែលគាត់បានឆ្លងជំងឺ COVID-19។ រំលឹកដែរថាថ្នាំ រ៉េមដេស៊ីវា (Remdesivir) ធ្លាប់ត្រូវបានគេអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌគ្រាបន្ទាន់ដោយ FDA ចាប់តាំងពីខែឧសភា បន្ទាប់ពីការសិក្សាដែលដឹកនាំដោយវិទ្យាស្ថានសុខភាពជាតិបានបង្ហាញថា វាកាត់បន្ថយអត្រាមរណៈ និងកាត់បន្ថយអត្រាសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ៥ថ្ងៃ៕




