(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា មនុស្សម្នាក់ ត្រូវបានរំពឹងថា នៅឆ្នាំ២០២១ នឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។
ការលើកឡើងពីចំណូលរបស់ប្រជាជនកម្ពុជា នៅឆ្នាំ២០២១ ខាងលើនេះ ត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងហេតុ លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី ប្រជុំសម្រេចអនុម័ត នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
សេចក្តីថ្លែងហេតុ លើកឡើងថា តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា -១,៩% ក្នុងពេល ដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នាពេលថ្មីៗនេះ បានខិតមកគៀកនឹងកម្រិតអវិជ្ជមានជាង -២%។
ដោយឡែក សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩ ០១៣ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៧៧១ ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១ ៦៨៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។
សេចក្តីថ្លែងហេតុដដែល បង្ហាញថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងងើបឡើងវិញ ក្នុងអត្រាកំណើន ៤,១% ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២% ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ ក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។
- វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប៣,៦%ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០% ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញ ក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។
- វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា ១,៦% ក្នុងឆ្នាំ២០២១ ពីកំណើន ០,៩% ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។
អនុវិស័យដំណាំត្រូវបានព្យាករថានឹងសម្រេចបានកំណើនខ្ពស់ ជាងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅ មានការកើនឡើង។
អត្រាអតិផរណាមធ្យម ប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រា ៣,១% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក ក្នុងឆ្នាំ២០២០៕



