(ខេត្តបាត់ដំបង)៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទាននូវព្រះរាជអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់។ ព្រះរាជអំណោយរបស់ព្រះករុណា ត្រូវបានចែកជូនបងប្អូនប្រជារាស្ត្រ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ៥១១ គ្រួសារ នៅភូមិស្ទឹងចក ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ទាំងមេឃភ្លៀងរលឹម។
នៅពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទីប្រឹក្សាសម្តេចក្រឡាហោម អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើនទៀតផង។
ឯកឧត្តម គុយ សុផល បានប្រសាសន៍ថា ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យ ចូលរួមទុក្ខលំបាកជាមួយប្រជារាស្ត្រផងដែរ។
ឯកឧត្តម បានគួសបញ្ជាក់ថា ព្រះរាជអំណោយ ដែលចែកជូនប្រជាពលរដ្ឋ ក្នុង ១គ្រួសារ នាពេលនេះ ទទួលបានអង្ករ ១ប៉ាវ ស្មើនឹង ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង តង់កៅស៊ូ សាប៊ូ ឃីត ១កញ្ចាប់ អាវយឺតមួយ និងថវិកា ៤០ ម៉ឺនរៀល៕


