(កែប)៖ រសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រីមាសទី៣ របស់រដ្ឋបាលខេត្ត។ ក្នុងកិច្ចប្រជុំបានលេីកយកនៅរបៀបវារៈចំនួន២ ដើម្បីពិនិត្យ ពិភាក្សាគឺ៖
១-សេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងទិសដៅអនុវត្តត្រីមាសបន្ទាប់
២-បញ្ហាផ្សេងៗ
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវបញ្ជូនរបាយការណ៍មករដ្ឋបាលខេត្តឲ្យទាន់ពេលវេលា ដេីម្បីខេត្តមានមូលដ្ឋានក្នុងការបូកសរុប និងពិនិត្យទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងនោះដែរ ឯកឧត្តមបានផ្តាំផ្ញេីដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ក្តាប់ឲ្យជាប់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ មានខ្យល់ព្យុះ ទឹកជំនន់ ដេីម្បីងាយស្រួយឆ្លេីយតបឲ្យបានទាន់ពេលវេលា។
ឯកឧត្តមបន្តថា ខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង កំពុងគំរាមកំហែងដោយជំនន់ទឹកភ្លៀង ទោះបីជាខេត្តកែប ពុំទាន់មានតំបន់ណាមួយរងការជន់លិចក៏ដោយ ក៏សូមឲ្យអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ ត្រៀមសម្ភារ និងទីទួលមានសុវត្ថិភាព ទុកជម្លៀសប្រជាពលរដ្ឋគ្រាមានជំនន់ទឹកភ្លៀងកើតឡើង ក្រៅពីនេះមន្ទីរជំនាញត្រូវត្រៀមបម្រុងស្តារ ជួសជុលហេដ្ឋារចនាសម្ព័ន្ធឡេីងវិញ ពិសេស មន្ទីរធនធានទឹកត្រូវតាមដានស្ថានភាពទឹកទំនប់ទាំងអស់ឲ្យបានគ្រប់ពេលវេលា ចាំបើករំដោះទឹកជៀសវាងបាក់ខ្នងទំនប់។ ដោយឡែកមន្ទីរសុខាភិបាលក៏ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហាអនាម័យ ហូបស្អាត បង្កាជំងឺឆ្លងនានា និងត្រូវត្រៀមបរិក្ខា និងថ្នាំដង្កូវ សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះក្នុងករណីមានទឹកជំនន់កេីតមានឡេីង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ និងទប់ស្កាត់នៅការរំលោភបំពាន ដីរបស់រដ្ឋ ដីរបស់ប្រជាជន ការកាប់បំផ្លាញព្រៃកោងកាង ព្រៃឧទ្យានជាតិ និងចាក់ដីចូលសមុទ្រជាដើម ពីសំណាក់ជនខិលខូច។
បន្ទាប់ពីកិច្ចប្រជុំរួច ឯកឧត្តម អភិបាលខេត្ត រួមជាមួយ អភិបាលរងខេត្ត បានអញ្ជេីញដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់ដីរំលោភឆ្នេរមួយកន្លែង និងចាត់វិធានការ ឲ្យអ្នកដែលបានចាក់ដីនោះកាយចេញឲ្យដូចសភាពដេីមវិញ។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យ អាងស្តុកទឹកទំនប់រនេស ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ដេីម្បីពិនិត្យស្ថានភាពទឹកដែលកេីនឡេីង ក្នុងអំឡុងពេលភ្លៀងកំពុងធ្លាក់ក្រោមឥទ្ធិពល ព្យុះទី១៧ ដែលមានឈ្មោះថា សូឌែល(SAUDAL)៕




