(ខេត្តបន្ទាយមានជ័យ)៖ ពិធីផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅទីកន្លែងមានសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើឡើងជាថ្មីទៀត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ លើកនេះ ជាអំណោយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ស្រីអូន សហគ្រាស ទៀ ណាំហាក់ និង CEO Mater Club។
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលទទួលបានជំនួយសង្គ្រោះបន្ទាន់ នៅពេលនេះ មានចំនួន ១៧៨៤ គ្រួសារ។ ក្នុងនោះ នៅផ្លូវវាងក្រុង ប្រជាពលរដ្ឋ មកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ២៨០ គ្រួសារ នៅក្បាលស្ពានសែសិន សង្កាត់ព្រះពន្លា ២៦០ គ្រួសារ និងនៅសាលាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ១៣០គ្រួសារ នៅការ៉ាសសាំងតេលា ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ប្រជាពលរដ្ឋ ៤៣៤ គ្រួសារ និងនៅវត្តសុភមង្គល សង្កាត់អូរអំបិល ប្រជាពលរដ្ឋ ៦៨០ គ្រួសារ។ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ១០គីឡូក្រាម ភួយ១ ត្រីខ ១០កំប៉ុង មី១កេស។
ក្នុងឱកាសនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុនសម្រស់ធម្មជាតិ មានប្អូនស្រី ស្រីអូន ចុះមកផ្ទាល់ ប្អូនស្រី សុជាតិតា សហគ្រាស ទៀ ណាំហាក់ និង CEO Master Club ដែលបានខិតខំនាំជំនួយសង្គ្រោះទាំងនេះ មកចែកជូនប្រជាពលរដ្ឋ តាំងព្រឹក រហូតដល់ល្ងាច នៅច្រើនគោលដៅ ដើម្បីចែករំលែកជួយដល់បងប្អូនយើង ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង។
របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បង្ហាញថា ជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែតុលា ផលប៉ះ ពាល់លើ ៩ក្រុង ស្រុក ៣៧ ឃុំ សង្កាត់ បណ្តាលឱ្យលង់ទឹកស្លាប់មនុស្សចំនួន ០៦នាក់ ប៉ះពាល់ លំនៅឋានសរុបចំនួន ៨៥៣៥ខ្នង មនុស្ស ៣៤ ៧១៣នាក់ និងបានជម្លៀស ទៅទីទួលសុវត្ថិភាព ចំនួន ១ ៤៧៣ គ្រួសារ មានមនុស្ស ៥ ៦២៦នាក់ លិចស្រែចំនួន ១១ ១៨៨ ហិកតា ដំឡូងមី ១ ៩០៤ហិកតា និងដំណាំរួមផ្សំ ៤១៩ហិកតា សាលារៀន ៥២កន្លែង ត្រូវផ្អាកការសិក្សា មណ្ឌលសុខភាព ៦កន្លែង វត្ត២៥ សាលាឃុំ២ ផ្លូវ ៣៦៨កន្លែង (ប្រវែង ២០០ ៨៨៧ ម៉ែត្រ)៕




