(មូស្កូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ បាន អបអរសាទរដល់ លោក ចូ បៃឌិន ក្រោយអង្គបោះឆ្នោតបានបោះឆ្នោតជាផ្លូវការជ្រើសរើសលោក ចូ បៃឌិន ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ចុះផ្សាយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ថា ៖«សម្រាប់ខាងខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើអន្តរកម្ម និងទាក់ទងជាមួយអ្នក»។ លោក ពូទីន ជូនពរដល់ប្រធានាធិបតីដែលជាប់ឆ្នោតឱ្យទទួលជោគជ័យ និងបានបង្ហាញការជឿជាក់ថារុស្ស៊ី និងសហរដ្ឋអាមេរិក ដែលមានការទទួលខុសត្រូវពិសេសចំពោះសន្តិសុខ និងស្ថេរភាពពិភពលោក អាចជួយដោះស្រាយបញ្ហា និងបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ៕



