ឃាតករតាម Twitter ត្រូវបានតុលាការជប៉ុន សម្រេចកាត់ទោសប្រហារជីវិត​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០៩:៣៩ ព្រឹក

(ជប៉ុន)៖ បុរសជនជាតិជប៉ុនម្នាក់ដែលត្រូវបានគេផ្តល់រហ័សនាមថាជា «ឃាតករ Twitter» ត្រូវបានតុលាការក្រុងតូក្យូ ផ្តន្ទាទោសប្រហារជីវិត ពីបទមនុស្សឃាត បន្ទាប់ពីបានសារភាពទោសកំហុសក្នុងការសម្លាប់មនុស្ស ៩នាក់ ដែលជាករណីឃាតកម្មដ៏ធំមួយនៅឆ្នាំ២០១៧។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ឃាតករដៃឆៅមានឈ្មោះ Takahiro Shiraishi អាយុ៣០ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទឃាតកម្ម ដោយឃាតកររូបនេះបានប្រើ Twitter ដើម្បីទាក់ទងអ្នកដែលបានបង្ហោះប្រកាសអំពីការចង់ស្លាប់របស់ពួកគេនៅលើ Twitter ដោយគាត់ប្រាប់ពួកគេថាគាត់អាចជួយបញ្ចប់ជីវិតរបស់ពួកគេបាន ឬស្លាប់ជាមួយពួកគេ។

តុលាការបានអះអាងថា ឃាតករTakahiro បានប្រព្រឹត្តអំពើឃាតកម្ម សាហាវឃោរឃៅ និងគួរឱ្យស្អប់ខ្ពើម ដើម្បីបំពេញចំណង់របស់ខ្លួន ដោយក្រៅពីសម្លាប់ ជននេះថែមទាំងបានរំលោភជនរងគ្រោះថែមទៀតផង។

យោងតាមទូរទស្សន៍ Asahi ដកស្រង់ប្រភពពីប៉ូលិសបានអោយដឹងថា នៅពេលចុះឆែកឆេរគេបានរកឃើញសាកសពជនរងគ្រោះនៅក្នុងធុងក្លាសេក្នុងផ្ទះរបស់ឃាតករនៅតំបន់ Zama ខេត្ត Kanagawa។ ប្រភពបានឱ្យដឹងថាជនរងគ្រោះទាំង ៩នាក់ ក្នុងនោះមានស្រី ៨នាក់ និងបុរសម្នាក់មានអាយុចន្លោះពី ១៥ ទៅ ២៦ ឆ្នាំ។

សូមបញ្ជាក់ថាការកាត់ទោសប្រហារជីវិតនៅជប៉ុន ត្រូវធ្វើឡើងដោយការព្យួរក ប៉ុន្តែមិនធ្វើឡើងជាសាធារណៈឡើយ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី