(សហរដ្ឋអាមេរិក)៖ គិលានុបដ្ឋាយិកាម្នាក់ បានក្លាយជាមនុស្សដំបូងគេនៅ ក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដែលការចាក់វ៉ាក់សាំងបានចាប់ផ្តើម ស្របពេលតួលេខអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់៣សែននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
គិលានុបដ្ឋាយិកា កញ្ញា Sandra Lindsay ដែលបានព្យាបាលអ្នកជំងឺ COVID-19 អស់រយៈពេលជាច្រើនខែត្រូវបានចាក់វ៉ាក់សាំងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៅក្រុងញូវយ៉ក ដោយការចាក់វ៉ាក់សាំងដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកដទៃទៀត បានចាប់ផ្តើម និងមានការចូលរួមពីសំណាក់អភិបាលក្រុងញូវយ៉កលោក Andrew Cuomo ផងដែរ។
ក្រោយពីបានចាក់វ៉ាក់សាំង កញ្ញា Sandra Lindsay បាននិយាយថា «មិនមានអារម្មណ៍ខុសគ្នាពីការចាក់វ៉ាក់សាំងផ្សេងទៀតទេ» នាងបន្តថា «នេះគឺជាការចាប់ផ្តើមនៃការបញ្ចប់ពេលវេលាដ៏ឈឺចាប់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង»។ ជាពិសេសនាងក៏សង្កត់ធ្ងន់ថា នាងចង់ឱ្យសាធារណៈជនមានទំនុកចិត្តថាវ៉ាក់សាំងCOVID-19នេះពិតជាមានសុវត្ថិភាព។
សូមបញ្ជាក់ថាការចាក់ថ្នាំបង្ការជំងឺ COVID-19 បានចាប់ផ្តើមនៅទូទាំងសហរដ្ឋអាមេរិក ដោយរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ៤០ លានដូស ទូទាំងប្រទេសនៅដំណាច់ឆ្នាំនេះ ដោយបុគ្គលិកថែទាំសុខភាព និងអ្នករស់នៅមណ្ឌលថែទាំ ស្ថិតក្នុងចំណោមអ្នកដែលមានអទិភាពក្នុងការចាក់ហើយសាធារណជនទូទៅរំពឹងថា នឹងទទួលបាននៅពេលក្រោយ៕



