(ភ្នំពេញ)៖ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបានចុះហត្ថលេខា បង្កើតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះរបស់លោក ញឹក ប៊ុនឆៃ នៅជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ» ត្រូវបានបង្កើតឡើងដោយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្ស ខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត។
គណបក្សនយោបាយទាំងបីនេះ បានបង្កើតឡើង មុនការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ហើយក៏បានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៨ ដែរ។ ប៉ុន្តែគណបក្សនយោបាយទាំងបីនេះ មិនទទួលបានអាសនៈនៅរដ្ឋសភាឡើយ។
សព្វថ្ងៃ គណបក្សនយោបាយទាំងបីនេះ ក៏ជាស្ថិតនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាព ១៦គណបក្ស ផងដែរ។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មានលោកម៉មសូណង់ដូ ជាប្រធាន លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន លោក គុជ លី ជាអគ្គលេខាធិការ និងសមាជិក ៣រូប គឺលោក អ៊ុំ សុមន្ថា លោក កែម រិទ្ធិសិត និងលោកស្រី ហួន ផាន់ណារី៕




