(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ម៉ាស និងសម្ភារៈបរិក្ខារពេទ្យ ដែលកម្ពុជា ផ្តល់ឲ្យមីយ៉ាន់ម៉ា នាពេលនេះ គឺសំខាន់ណាស់ សម្រាប់ការពារជំងឺ ពិសេសម៉ាស សម្រាប់ការពារការចម្លងពីប្រជាពលរដ្ឋ ទៅប្រជាពលរដ្ឋ ហើយម៉ាសសម្រាប់គ្រូពេទ្យ ក្នុងការបំពេញភារកិច្ចការងារថែទាំអ្នកជំងឺ ក៏ដូចជាយកសម្ភារៈ រួមទាំងសម្ភារៈបរិក្ខាពេទ្យ ជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានថ្លែងដូច្នេះ ក្នុងពេលឯកឧត្តម បានដឹកនាំប្រតិភូកម្ពុជា ធ្វើដំណើរតាមយន្តហោះពិសេស Cambodia Airway ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២៦ ខែវិច្ឆិកានេះ ទៅកាន់ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ដើម្បីនាំយកម៉ាស ២លាន និងសម្ភារៈបរិក្ខារពេទ្យ ១២មុខទៀត ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្នុងលិខិតជម្រាបជូនលោកជំទាវ អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំសូមសំដែងជាថ្មីម្តងទៀតនូវការអបអរសាទរដ៏ស្មោះស្ម័គ្រជូនលោកជំទាវ ចំពោះជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដែលបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់លោកជំទាវក្នុងការដឹកនាំមីយ៉ាន់ម៉ា ឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរក្នុងកិច្ចផ្សះផ្សារ និងកសាងជាតិ។ ខ្ញុំក៏សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តធ្វើធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២.០០០.០០០ ( ពីរលាន ) និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនេះ ខ្ញុំបានចាត់តាំងឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។
សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត នាំយកម៉ាសជាង ២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដឹកតាមយន្តហោះពិសេស យកទៅជូនរដ្ឋាភិបាលឡាវ នៅទីក្រុងវៀងចន្ទន៍ ផងដែរ៕
( រូបថត៖ Fresh News )




