(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លទ្ធផលនៃកិច្ចសន្ទនានេះ ត្រូវបានក្រសួងការបរទេស ប្រកាសនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកាថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរវៀតណាម ចំពោះលទ្ធផលប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។
ក្រសួងការបរទេស បន្តថា នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង។
សេចក្តីប្រកាសបន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានា នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា។
ក្រសួងការបរទេស បន្ថែមថា ថ្នាក់ដឹកនាំទាំងពីរ ក៏បានអះអាងសាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ និងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយពេញចិត្ត ដែលកម្ពុជា និងវៀតណាម បានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ប្រកបដោយជោគជ័យ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់គ្រឿងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានសម្របសម្រួលឲ្យនិស្សិតកម្ពុជារាប់រយនាក់ បានត្រឡប់ ទៅសិក្សានៅប្រទេសវៀតណាមវិញ។
ក្រសួងការបរទេស បន្ថែមថា នាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតក្នុងពិភពលោក។
ក្រសួងការបរទេស បន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរ បានអបអរសារទរចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរ បានឯកភាពពន្លឿននីតិវិធី ដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែន ដែលនៅសេសសល់ចំនួន១៦%ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។
នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងពហុភាគី ដូចជា អនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ។
ក្រសួងការបរទេស បន្ថែមថា កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងប្រមុខដឹកនាំទាំងពីរ ត្រូវបានធ្វើឡើង ក្នុងបរិយាកាសស្និទ្ធសា្នលបំផុត ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕
( រូបថត @ Fresh News )



