(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនី លើកទី៣៧ ដែលរៀបចំឡើង នៅទីក្រុងប៉ារីស តាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជងឺកូវីដ១៩។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា មិនមានករណីស្លាប់ដោយសារជំងឺរាតត្បាតនេះទេ ហើយបានកម្រិតចំនួននសការឆ្លងឲ្យនៅទាប ( មកទល់ពេលនេះ មាន ៣០៦នាក់ )។ ហេតុផល ដែលកម្ពុជា ទទួលបានលទ្ធផលជាទីគាប់ប្រសើរទាំងនេះ គឺដោយសារតែកម្ពុជា បានចាត់វិធានការចាំបាច់នានាយ៉ាងឆាប់រហ័ស និងបានអនុវត្តប្រកបដោយភាពម៉ឹងម៉ាត់ និងដោយមានការលើកទឹកចិត្តពីអង្គការសុខភាពពិភពលោក។
ឯកឧត្តម ប្រាក់ សុខុន បន្តថា ចាប់តាំងពីដើមដំបូងនៃការប្រយុទ្ធនឹងជំងឺរាតត្បាតនេះ យើងបានកែលម្អវិធីសាស្ត្រ ពង្រឹងសមត្ថភាព និងអនុវត្តដោយម៉ត់ចត់វិធានការធ្វើតេស្តស្វែងរកអ្នកជំងឺកូវីដ១៩ ការដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងបានអនុវត្តគោលនយោបាយផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា រាជរដ្ឋាភិបាល បានអនុវត្តវិធានការសង្គម-សេដ្ឋកិច្ច បានយ៉ាងទាន់ពេលវេលា។ ជំនួយ ត្រូវបានផ្តល់ជូនដល់ប្រជាជន ដែលបាត់បង់ការងារ ការបន្ធូរបន្ថយបន្ទុកពន្ធសម្រាប់ក្រុមហ៊ុន និងការលើកទឹកចិត្តវិនិយោគិនឲ្យបង្កើតការងារ។
ឯកឧត្តមប្រមុខការទូត បន្ថែមថា សេចក្តីសម្រេចចិត្តស្តីពី "ការរស់នៅជាមួយគ្នា" ជាប្រធានបទ ដែលត្រូវនឹងការពិតជាក់ស្តែងពេលនេះ ជាងពេលណាៗទាំងអស់ និងបង្ហាញយ៉ាងច្បាស់ពីហេតុផលចាំបាច់សម្រាប់យើងរួមដៃគ្នា។
ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ក្នុងស្មារតីដូចគ្នានេះ កម្ពុជា បានលើកតម្កើងគុណតម្លៃនៃសាមគ្គីភាពរវាងប្រជាជនក តាមរយៈការទទួលស្វាគមន៍នាវាកម្សាន្ត Ms Westerdam ដែលផ្ទុកអ្នកដំណើរ ចំនួន ២២០០នាក់ ឲ្យចូលចតនៅកំពង់ផែរបស់កម្ពុជា ដែលនាវានេះ បានស្វែងរកទីតាំងចូលចតអស់រយៈពេលពីរសប្តាហ៍មកហើយ។ នាពេលថ្មីៗនេះផងដែរ កម្ពុជាបានផ្តល់ជំនួយជូនដល់ប្រទេសឡាវ នូវម៉ាសចំនួន ២លាន រួមជាមួយសម្ភារៈគ្រឿងបរិក្ខារពេទ្យជាច្រើនទៀត ហើយនៅពេលឆាប់ៗខាងមុខនេះ កម្ពុជាក៏នឹងផ្តល់នូវជំនួយដូចគ្នានេះ ជូនប្រទេសមីយ៉ាន់ម៉ាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ថា កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពនានា ដែលមានចែងនៅក្នុងសេចក្តីសម្រេចស្តីពី «ការរស់នៅជាមួយគ្នា» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះពហុភាគីនិយម និងការជឿជាក់របស់ខ្លួនចំពោះអង្គការសុខភាពពិភពលោក៕




