(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា មានករណីជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ នោះគឺបុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានធ្វើដំណើរមកប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ រីឯម្នាក់ទៀត ជាបុរសជនជាតិអាមេរិក អាយុ ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន ( តៃវ៉ាន់ ) មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា មានអ្នកឆ្លងថ្មីជំងឺកូវីដ១៩ម្នាក់ គឺជាបុរសជនជាតិនេប៉ាល់ អាយុ ៣៧ឆ្នាំ មានអាសយដ្ឋាននៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូអ មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកដំណើររូបនេះ ធ្លាប់មានវិជ្ជមានវីរុសកូវីដ១៩ កាលពីនៅប្រទេសណេប៉ាល់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបានធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅពេលនោះ។ នៅថ្ងៃទី០២ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានធ្វើតេស្តឡើងវិញ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងពីរលើក។
ក្រសួងសុខាភិបាល បានបន្ថែមថា ថ្ងៃដែលបុរសជនជាតិនេប៉ាល់នេះ បានមកដល់កម្ពុជា គាត់បានធ្វើតេស្ត ដោយទទួលបានលទ្ធផល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អវិជ្ជមានវីរុសកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយ នៅភ្នំពេញ។ លទ្ធផលតេស្ត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយអ្នកជំងឺរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៧នាក់។ ក្នុងនោះ ២៩៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ )៕




