(ភ្នំពេញ)៖ កញ្ញា សេង ធារី ដែលពេលមានឈ្មោះមួយទៀតថា «សេង ច័ន្ទធារី» ធ្លាប់ជាអតីតប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ហៅកាត់ថា CSD មួយរយៈ បន្ទាប់ពីដណ្តើមបានតួនាទីដ៏ចម្រួងចម្រាស់ពីលោកស្រី ជា វណ្ណាត ជាស្ថាបនិកមួយរូប។ បន្ទាប់ពីទំនាស់ផ្ទៃក្នុងជ្រាលជ្រៅរបស់អង្គការនេះ ទីបំផុត អង្គការសង្គម ដែលធ្លាប់លេចធ្លោមួយ នៅអំឡុងឆ្នាំ២០០០ ក៏ឈានទៅដល់ការរលំរលាយ និងបិទអង្គការនេះចោលដោយខ្លួនឯង ដោយសារតែអស់ជំនួយ។
ចាប់តាំងពីអស់ការងារធ្វើនាពេលនោះមក កញ្ញា សេង ច័ន្ទធារី ដែលមានបងប្រុសម្នាក់ស្និទ្ធនឹងលោក សម រង្ស៊ី ក៏បានប្រែក្លាយខ្លួន ទៅជាសកម្មជននយោបាយលាក់មុខដ៏សកម្មរបស់បក្សប្រឆាំង ហើយតែងតែចូលរួមបែបលឹបល៍ នៅពីក្រោយឆាក ក្នុងការធ្វើបាតុកម្ម និងការតវ៉ានានារបស់អតីតគណបក្សសម រង្ស៊ី ក្រោយមកបញ្ចូលជា គណបក្សសង្គ្រោះជាតិ។ កញ្ញា សេង ច័ន្ទធារី ក៏ចូលរួមក្នុងសកម្មភាពបាតុកម្មតវ៉ាប្រឆាំងលទ្ធផលឆ្នោតនៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៣ ផងដែរ។
សព្វថ្ងៃ កញ្ញា សេង ធារី មានអាយុ ៥០ឆ្នាំ នៅលីវ ជាខ្មែរ មានសញ្ជាតិអាមេរិកាំង ហើយកាន់សាសនាគ្រឹស្ត បានកំពុងបន្តរស់នៅផ្ទះជួលមួយ នៅម្តុំរោងចក្រស្រាបៀរ ថៃហ្គ័រ កៀនស្វាយ រាជធានីភ្នំពេញ។ នៅពេលនេះ កញ្ញា សេង ច័ន្ទធារី ស្ថិតក្នុងចំណោមជនជាប់ចោទ ១៤០នាក់ ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្នុងសំណុំរឿង «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ហើយគ្រោងបើកសវនាការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកានេះ។
សកម្មជនអតីតបក្សប្រឆាំង បានបង្ហោះសារថា យ៉ាងហោចពួកគេ ប្រមាណ ៧០ ក្នុងចំណោម ១៤០នាក់ នឹងបង្ហាញខ្លួន នៅតុលាការ។
ការចោទប្រកាន់ពួកគេ គឺពាក់ព័ន្ធនឹងគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩។ យោងតាមរូបភាពពីហ្វេសបុកផ្ទាល់ខ្លួនគាត់ កញ្ញា សេង ធារី ក៏មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ផងដែរ។ រូបភាពបង្ហាញថា កញ្ញា ជាសកម្មជនដ៏សកម្មក្នុងការជំរុញគាំទ្រ សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩វិច្ឆិកា។ ទៅទីណា គឺកញ្ញាតែងថតរូបភាពលើកម្រាមដៃ៩ បំផុសដល់សកម្មជនផ្សេងទៀត ហើយសូម្បីតែនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក៏នាងឆ្លៀតប្រើសារនយោបាយនេះដែរ។
បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផែនការនៃការវិលចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួន កាលពីឆ្នាំមុន គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
ក្នុងបទសម្ភាសន៍ផ្សាយតាមវិទ្យុ VOA ជាភាសាខ្មែរ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កញ្ញា សេង ច័ន្ទធារី បានសារភាពថា៖ «ខ្ញុំបានចូលរួមក្នុងការលើកម្រាមដៃ៩។ អាហ្នឹងជាយុទ្ធនាការ ដែលបានកើតឡើងនៅពេញពិភពលោក ហើយជាក់ស្តែង ខ្ញុំបានចូលរួមមែន។ ខ្ញុំបានចូលរួមនៅក្នុងប្រទេសផង ហើយនៅពេលខ្ញុំ មានប្រជុំនៅប្រទេសណូវ៉េផង ខ្ញុំក៏បានចូលរួម។ បើអីចឹង អានេះ ខ្ញុំអត់មានបដិសេធទេ។ ជាក់ស្តែង ខ្ញុំគាំទ្រគណបក្សសង្គ្រោះជាតិ ជាមនុស្សបេក្ខជនម្នាក់...»។
ដោយត្រូវតុលាការកោះហៅ ឲ្យចូលរួមសវនាការ កញ្ញា សេង ច័ន្ទធារី បានបន្ថែមថា «ខ្ញុំត្រៀម ដើម្បីជាប់គុក ហើយខ្ញុំបានកាត់សក់ខ្ញុំឲ្យខ្លី ដើម្បីកុំឲ្យកើតចៃ ក្នុងពេលជាប់ពន្ធនាគារ»។
តាមប្រភពផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិ បានឲ្យ Swift News ដឹងថា កញ្ញា សេង ធារី គឺជាបេក្ខជនតំណាងរាស្ត្រ នៃបក្សនេះ។ កញ្ញា សេង ធារី មួយរយៈនេះ និយាយភ្លេចមុខភ្លេចក្រោយ និងមានរូបរាងស្គមស្គាំង។
ជាការកត់សម្គាល់ អ្នកដើរតាមទណ្ឌិត សម រង្ស៊ី មានវាសនា និងជីវិតជំពាក់ជំពិន សាំញាំ ក្រេវក្រោធ ហើយឈានទៅធ្វើឲ្យជីវិតអាប់អួរ។ សម រង្ស៊ី មិនត្រឹមតែធ្វើឲ្យបក្សនយោបាយមួយរលាយបាត់ ហើយខ្លួនខ្ចាត់ឆ្ងាយ សូម្បីតែសកម្មជន ទោះបីជាអ្នកនោះ ធ្លាប់រស់នៅក្រៅប្រទេស ក៏ក្លាយទៅជា «អ្នកនិយមជ្រុល មានការរើសអើងពូជសាសន៍ ប្រើភាសាញុះញុង អុជអាល ការប្រមាថ» នៅទីបំផុត «ភ្លើងកំហឹងដណ្តើមអំណាចតាមផ្លូវកាត់ នៃបដិវត្តន៍ពណ៌» បានបង្កជាធាតុផ្សំបទល្មើស ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលមួយ ប៉ុន្តែមិនជោគជ័យ ក៏ក្លាយជារឿងក្តី ត្រូវជំនុំជម្រះតាមផ្លូវតុលាការ៕
រូបថត @ Facebook: Theary C. Seng




