(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៧វិច្ឆិកានេះថា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ កាលពីថ្ងៃទី១៦វិច្ឆិកា។ នោះគឺឯកឧត្តម សួស យ៉ារ៉ា អាយុ ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា មានអាសយដ្ឋាននៅរាជធានីភ្នំពេញ និងជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា ព្រមទាំងស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តាបុរី ខេត្តក្រចេះ ដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃទី១៧វិច្ឆិកានេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនម្នាក់ ជាបុរសជនជាតិខ្មែរ-អាមេរិក អាយុ ៥៦ឆ្នាំ ស្នាក់នៅក្នុងបុរីមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន ( តៃវ៉ាន់ ) មកដល់កម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនេះ សរុបចំនួន ១៦៥នាក់។ ក្នុងនោះ អ្នកដំណើរ ១៦៤នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅអនុវិទ្យាល័យបុរី ១០០ខ្នង ១០នានក់ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ១៤នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ៦នាក់ សណ្ឋាគារមួយផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ៧នាក់ និងសណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ១២៨នាក់។
ក្រសួងសុខាភិបាល ប្រកាសថា មកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៣នាក់។ ក្នុងនោះ ២៩១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ពាក់ព័ន្ធនឹងអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ថ្ងៃ៣វិច្ឆិកា ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកាទេ។ ប៉ុន្តែមានអ្នកជាសះស្បើយ ម្នាក់ ( ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា ) ដែលចំនួនអ្នកជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា នៅសល់ចំនួន ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕



