(ភ្នំពេញ)៖ ក្រសួងការបរទេស នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នោះគឺស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចថា «ការវាយតម្លៃលើប្រទេសកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ពិត រួមជាមួយនឹងប្រភពព័ត៌មានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងទស្សនៈវិស័យរួម»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ មានការខកចិត្តចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ចេញផ្សាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទាក់ទងនឹងស្ថានភាពសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បញ្ជាក់ថា «បើពិនិត្យមើលឲ្យកាន់តែច្បាស់ សេចក្តីថ្លែងការណ៍របស់លោកស្រី មានភាពលំអៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឲ្យមានការខូចខាត»។



