(ភ្នំពេញ)៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា គ្មានការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ គឺមានតែការអនុវត្តច្បាប់ទៅលើបុគ្គលដែលល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ការបញ្ជាក់នេះគឺឆ្លើយតបនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលបានលើកឡើងអំពីការធ្វើទុក្ខបុកម្នេញ លើក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបតាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ថា របាយការណ៍ខាងលើនេះ មិនមានមូលដ្ឋានគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជននិងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើ និងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនស្សឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាននិងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ។
ឯកឧត្ដម ជិន ម៉ាលីន បានលើកឡើងបន្តថា រដ្ឋាភិបាលនិងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានរំលឹកអំពីការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាពនិងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។
យ៉ាងណាក៏ដោយឯកឧត្ដម ជិន ម៉ាលីន បានបញ្ជាក់ថា រដ្ឋាភិបាល លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះក្រុមដែលមានផែនការនិងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕



