(ភ្នំពេញ)៖ «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» គឺជាឈ្មោះថ្មីមួយ ដែលគណបក្សនយោបាយ ចំនួន៣ បានផ្តួចផ្តើមឡើង ដែលគ្រោង បង្កើតជាផ្លូវការ នៅពេលខាងមុខ។ សម្ព័ន្ធភាពនេះ រួមគ្នាដោយគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្ស ខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនេះ មានលោកម៉មសូណង់ដូ ជាប្រធាន។ លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន និងលោក គុជ លី ជាអគ្គលេខាធិការ។ រីឯលោក កែម រិទ្ធិសិត ដែលជាប្អូនប្រុសលោក កែម ឡី ជាសមាជិក។
គណបក្សនយោបាយទាំងបី ដែលបានបង្កើតឡើងមុនការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ក៏បានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៨ ដែរ។
សព្វថ្ងៃ គណបក្សនយោបាយទាំងបីនេះ ក៏ស្ថិតនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាព ១៦គណបក្ស ផងដែរ៕



