(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ បានផ្តល់ម៉ាសចំនួន២០ម៉ឺនម៉ាស ដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីចែកដល់សមាជិកសមាគម សម្រាប់ចែកបន្តដល់បុគ្គលិក និងកម្មករសំណង់។ ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើឡើង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ម៉ាសចំនួន២០ម៉ឺននេះ ស្ថិតនៅក្នុងចំណោមម៉ាស ២លានម៉ាស ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចបញ្ចេញពីឃ្លាំងយុទ្ធសាស្ត្រ ផ្តល់ឲ្យសាលារាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ១៩។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានអញ្ជើញជួបសំណេះសំណាល និងចែកម៉ាសដល់កម្មករជាង១០០០ នាក់ នៅក្នុងបុរីវិមានភ្នំពេញ។ ការចែកម៉ាសនេះ ជាយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល។
ក្នុងការចែកម៉ាសនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្មករ នៅបុរីវិមានភ្នំពេញ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ អាកុល ឬជែល សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាពសង្គម។ ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណា ការពារឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង៕




