(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានធ្វើឡើងតាមប្រព័ន្ធវិដេអូ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានបញ្ជាក់ជំហរជាថ្មីថា ខ្លួនមិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសណាមួយ នៅក្នុងទឹកកម្ពុជាឡើយ។
សេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលក្រសួងការបរទេស ចេញផ្សាយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បង្ហាញថា «ដើម្បីជំរះនូវមន្ទិលសង្ស័យនានា ដែលត្រូវបានលើកឡើងដោយប្រភពផ្សេងៗ ដែលចោទប្រកាន់ថា កម្ពុជាបានធ្វើកិច្ចព្រមព្រៀង ក្នុងការអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស កម្ពុជាសូមបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងអព្យាក្រឹត្យភាព ក្នុងកិច្ចការពារជាតិ និងអធិបតេយ្យ ដោយមិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជាឡើយ»។
សូមរម្លឹកថា តាងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវិដេអូ។
សេចក្តីប្រកាស បង្ហាញថា កាលពីថ្ងៃទី១២វិច្ឆិកា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានចូលរួមកិច្ចប្រជុំកំពូលមួយចំនួន រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ ដែលថ្នាក់ដឹកនាំអាស៊ានទាំងអស់ បានបង្ហាញការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងទ្វេដង ក្នុងការកសាងសហគមន៍អាស៊ាន និងកិច្ចការនានា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។
ចំពោះមុខការប្រឈម ដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ថ្នាក់ដឹកនាំអាស៊ាន បានសង្កត់ធ្ងន់អំពីជំហររួមដ៏រឹងមាំ ដើម្បីរក្សាសាមគ្គីភាព និងការឯកភាព ក្នុងការធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់៕




