ឯកអគ្គរដ្ឋទូតជប៉ុនស្វែងរកទិន្នន័យថ្មីៗ ​ដែលក្រសួងផែនការសម្រេចបាន ​ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា​ កាន់តែច្រើនឡើង​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងជាពិសេសស្វែងរកព័ត៌មាន ឬទិន្នន័យថ្មីៗ ដែលក្រសួងផែនការសម្រេចបាន ដើម្បីជាមូលដ្ឋានគ្រឺះសម្រាប់ក្រុមហ៊ុនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ 

មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងនូវការអបអរសាទរ កោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងអាចទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសជប៉ុន បានកំពុងជួបប្រទះដូចគ្នា ហើយស្ថិតក្នុងកាលៈទេសៈនេះ ជប៉ុនបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងប្រកាសផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់កម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវការកសាងសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងក្រោយ នៃការរីករាលដាលជំងឺកូវីដ១៩។ 

ក្នុងជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានលើកឡើងពីសារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន៖ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា , ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, ជំរឿន និងអង្កេតផ្សេងៗទៀត ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្ត ដើម្បីសម្រេចបាននូវប្រភពទិន្នន័យមួយដែលមានគុណភាព និងមានសារៈសំខាន់ ជាជំនួយស្មារតីដល់ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាក្រុមហ៊ុនវិនិយោគរបស់ជប៉ុន ស្វែងរកឱកាសវិនិយោគថ្មីៗទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនាមឯកឧត្តមជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រីករាយក្នុងការជួយជ្រោមជ្រែង សហការឱ្យមានការវិនិយោគថ្មីៗទៀត ដល់កម្ពុជា។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារៈ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជាដូចសព្វថ្ងៃ ជាពិសេសក្នុងអំឡុងពេលសម័យអ៊ុនតាក់ ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការចៃកា(JICA) ក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយក្រសួងផែនការ ចាប់តាំងពីឆ្នាំ២០០៥ មកដល់ដំណាច់ឆ្នាំ២០០៥ ភាគីជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់ក្រសួងផែនការ រួមមានទាំងការបណ្តុះបណ្តាលមន្ត្រីជំនាញ ប្រមាណជាង៦០០នាក់,ផ្តល់នូវអគារកម្ពស់៥ជាន់ សម្រាប់ដំណើការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ , រួមសហការគ្នាជាមួយអង្គការUNFPA ក្នុងការធ្វើជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨, ការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសឆ្នាំ២០០៩ , ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលជាការងារជាតិដំបូងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមទាំងការអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០១៣ , អង្កេតចន្លោះជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ និងជំនួយបច្ចេកទេស សម្ភារៈ ដល់មន្ទីរផែនការ នៅថ្នាក់ក្រោមជាតិ ទាំង២៥រាជធានីខេត្តផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា នៅរយៈពេលដ៏ខ្លីខាងមុខ ក្រសួងផែនការ នឹងរៀបចំប្រកាសលទ្ធផលជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ជាផ្លូវការ ហើយទិន្នន័យជំរឿននេះ គឺជាប្រភពទិន្នន័យដ៏សំខាន់ សម្រាប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងជាពិសេសក្រុមហ៊ុនវិនិយោគជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា កម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ មិនមែនកើតមកដោយឯកឯងនោះទេ ជប៉ុនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ឯកឧត្តមសូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបង្កើតឡើងដោយខ្លួនឯង នូវសន្តិភាព និងការអភិវឌ្ឍន៍មួយដ៏ពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យមួយដ៏វែងឆ្ងាយ ប្រកបដោយការអភិវឌ្ឍ រីកចម្រើន ហើយឯកឧត្តម ក៏បានមើលឃើញពីការរីកចម្រើនខាងវិស័យបច្ចេកវិទ្យា ឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលទៅថ្ងៃមុខ ជប៉ុនក៏អាចនឹងមានឱកាសរៀនសូត្រពីកម្ពុជាលើវិស័យបច្ចេកវិទ្យា ឌីជីថល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ ស​ម្តេ​ចតេ​ជោ​ ហ៊ុន​ សែន​ បានចុះសួរសុខទុក្ខ និងចែកអំណោយជូន​បងប្អូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ ចំនួន ៦,៦៥០ គ្រួសារ នៅខេត្តកំពង់ធំ
ព័ត៌មានជាតិ
​កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំ​ ជួយឲ្យប្រជាពលរដ្ឋកម្ពុជាចេះដាំបន្លែតាមបែបទំនើបរបស់ជប៉ុន ​ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤០០គ្រួសារ
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ១៧៣៤​នាក់ ក្នុងនោះ មាន​អ្នក​ឆ្លង​តែ ៤​នាក់​ដដែល​ប៉ុណ្ណោះ​
ព័ត៌មានជាតិ
Good News៖ មាន​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ទៀត ត្រូវបាន​ព្យាបាល​ជា​សះ​ស្បើ​យពី​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់​ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់ នៅទីលានទួលម៉ូតូហោះព្រែកលៀប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី