(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់ នៅល្ងាចថ្ងៃទីទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នឹងយាងពន្លត់ភ្លើងជ័យ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃនៅក្នុងវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកាមកនោះ។
សូមបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមបារាំង។
តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគមគ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។
សម្រាប់ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានប្រព្រឹត្តឡើងដោយការការពារជំងឺកូវីដ១៩។ ទាំងព្រះករុណាព្រះមហាក្សត្រ ទាំងថ្នាក់ដឹកនាំកំពូលៗ រួមទាំងមន្ត្រីរាជការ យុវជនកាយឫទ្ធិ និងប្រជាពលរដ្ឋគ្រប់រូប ដែលចូលរួមពិធីជួបជុំនៅវិមានឯករាជ្យ បានពាក់ម៉ាស់ និងប្រុងប្រយ័ត្ន ចូលរួមការពារ មិនឲ្យឆ្លងជំងឺកូវីដ១៩ ក្រោមវិធានការសុខាភិបាលយ៉ាងត្រឹមត្រូវ៕


