(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រគល់ម៉ាស ចំនួន ២លានម៉ាស ដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងពិធីប្រគល់ និងទទួលម៉ាស នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាពទិញម៉ាសពាក់ ម្នាក់ ត្រូវទទួលបាន ម៉ាសចំនួន ២។ ក្នុងនោះ ប៉ូលិសចរាចរណ៍ ត្រូវណែនាំដល់អ្នកដំណើរឲ្យពាក់ម៉ាសទាំងអស់គ្នា។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាពទិញម៉ាសពាក់ ត្រូវទទួលបានម៉ាស ម្នាក់ ចំនួន ២ម៉ាស សម្រាប់ផ្លាស់ប្តូរគ្នា។ ម៉ាសក្រណាត់នេះ អាចបោកគក់ ហើយប្រជាពលរដ្ឋ អាចបន្តប្រើប្រាស់ ដោយផ្លាស់ប្តូរគ្នាបាន។ ក្នុងនោះ មន្ត្រីនគរបាលចរាចរណ៍ ក៏ត្រូវយកម៉ាស់នេះ ទៅពាក់ ហើយណែនាំឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរ ត្រូវពាក់ម៉ាសគ្រប់ៗគ្នា។ ការហៅឃាត់អ្នកដំណើរ ដែលមិនពាក់ម៉ាសនេះ មិនមែនពិន័យគាត់ទេ តែត្រូវផ្តល់ម៉ាសឲ្យគាត់ ហើយណែនាំឲ្យគាត់ពាក់ម៉ាស ដើម្បីការពារការឆ្លងជំងឺកូវីដ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានប្រកាសបែងចែកម៉ាស ចំនួន ២៥ម៉ឺនម៉ាស ដល់ខណ្ឌទាំង ១៤ ចំណុចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដោយក្នុង ១ខណ្ឌៗ ទទួលបានម៉ាសពី ១ម៉ឺនម៉ាស ទៅដល់ ៥ម៉ឺនម៉ាស តាមខណ្ឌតូចធំ។ ក្នុងនោះ នគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ ទទួលបាន ៥ម៉ឺនម៉ាស ដើម្បីពាក់ខ្លួនឯងផង និងចែកជូនប្រជាពលរដ្ឋ អ្នកដំណើរពាក់ផង។ អ្នកដំណើរម្នាក់ ទទួលបានម៉ាស ២។ រីឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបាន ១៥០០០ ម៉ាស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន ១ម៉ឺនម៉ាស។
នៅតាមផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានឯឧត្តម ឃួង ស្រេង ប្រកាសណែនាំឲ្យអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំមេក្រូផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ និងអ្នកលក់ទាំងអស់ ត្រូវពាក់ម៉ាស ព្រមទាំងលាងដៃនឹងអាល់កុលឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការនូវការចម្លងមេរោគកូវីដ១៩៕


