(អន្តរជាតិ)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានថាការបដិសេធមិនព្រមចុះចាញ់នឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ថាជាក្ដីអាម៉ាស់មួយ។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទង្វើរបស់លោក ដូណាល់ ត្រាំ នឹងមិនជួយដល់កេរ្តិ៍តំណែលរបស់លោកប្រធានាធិបតីឡើយ។
លោក ដូណាល់ ត្រាំ បានចោទប្រកាន់ការរាប់សន្លឹកឆ្នោតថា ជាការរំលោភបំពាន និងកំពុងព្យាយាមជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងតុលាការ។ ចំណែកលោក ចូ បៃដិន បាននិយាយថា គ្មានអ្វីនឹងបញ្ឈប់ការផ្ទេរអំណាចនៅក្នុងរដ្ឋាភិបាលអាមេរិកទេ។
ស្របពេលលោក បៃដិន ក៏បានចាប់ផ្តើមសកម្មភាពការទូត លោក ត្រាំ បានបន្តជៀសពីភ្នែកសាធារណៈកាលពីថ្ងៃអង្គារ ហើយលោកបានបន្ដបង្ហោះនៅលើ Twitter អំពីការចោទប្រកាន់ការរាប់សន្លឹកឆ្នោតថាជាការរំលោភបំពាន និងបានអះអាងថាលោកបានឈ្នះ៕




