(អន្តរជាតិ)៖ សកម្មជននិស្សិតមួយក្រុមដែលមានឈ្មោះថា«Bad Students»បានបញ្ជាក់ពីផែនការនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃស្អែកនេះនៅទីក្រុងបាងកកដែលពួកគេនឹងអំពាវនាវម្តងទៀតឱ្យលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារក្រសួងអប់រំមុនពេលដង្ហែទៅកាន់វិមានប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារក្រសួងអប់រំ មុនពេលពួកគេឆ្ពោះទៅកាន់វិមានប្រជាធិបតេយ្យ។ ក្រុមបាតុករនឹងបញ្ជាក់ម្តងទៀតនូវការទាមទារសំខាន់ៗចំនួន ៣ របស់ពួកគេ គឺការលាលែងពីតំណែងរបស់លោក ប្រាយុទ្ធ ចាន់អូចា កែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ និងការកែទម្រង់របបរាជានិយម។
ក្រុមបាតុករនិយាយថាព្រឹត្តិការណ៍ថ្ងៃស្អែកគឺជាព្រឹត្តិការណ៍ឈានមុខមួយ ហើយនឹងមានការតវ៉ាធំជាងថ្ងៃស្អែកទៅទៀត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។ យ៉ាងណាប៉ូលីសក្រុងបាងកកក៏បាននិយាយដែរថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់ការប្រមូលផ្តុំនៅថ្ងៃស្អែកនេះ ដើម្បីជួយក្នុងវិធានការណ៍គ្រប់គ្រងហ្វូងមនុស្ស៕



