(ភ្នំពេញ)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចវររាជមាតាជាតិខ្មែរ សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នឹងយាងវិលត្រឡប់មកពីប្រទេសចិន មកដល់រាជធានីភ្នំពេញវិញ នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកានេះ។ នេះបើតាមសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលសូមព្រះរាជទានទោសពីព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ ដោយសារតែសម្តេច មិនអាចដង្ហែព្រះរាជដំណើរព្រះអង្គ នៅពេលយាងវិលត្រឡប់មកពីប្រទេសចិនវិញ នៅល្ងាចថ្ងៃទី៧វិច្ឆិកានេះ។ មូលហេតុ ដោយសារតែសម្តេចតេជោ ស្ថិតក្នុងដំណាក់កាលនៃការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមរមឹ្លកថា ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហមុនី និងព្រះមាតាបានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នូវគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»។ ពិធីនេះ ត្រូវបានប្រារព្ធឡើង នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕



