(ភ្នំពេញ)៖ បើគិតទាំងថ្ងៃទី៥ ខែវិច្ឆិកា គឺនៅទូទាំងប្រទេសកម្ពុជាយើង មិនមានអ្នកឆ្លងជំងឺកូវីដ១៩ រយៈពេល ៤ថ្ងៃជាប់ៗគ្នាមកហើយ។ ពោលគឺចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មក នៅទូទាំងប្រទេស មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ តែរយៈពេល ៤ថ្ងៃនេះ យើងមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៣នាក់។ នេះបើតាមសេចក្តីប្រកាសប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩២ នាក់។ ក្នុងនោះ ២៨៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិខ្មែរ ៣នាក់ ស្ត្រីជនជាតិខ្មែរ ២នាក់ និងស្ត្រីជនជាតិបារាំង ម្នាក់ )៕





