ក្រសួងទេសចរណ៍៖ រយៈពេល៤ថ្ងៃ ​ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់ ប៉ុន្តែចំណាយតិច​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន។ នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០ នាក់។

ឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តសៀមរាប៖ ១៦៧,២២៥ នាក់

* ខេត្តកំពត៖ ៧៣,៥៩២ នាក់

* ខេត្តព្រះសីហនុ៖ ៥៤,៤០០ នាក់

* ខេត្តកណ្តាល៖ ៥១,៨៦២ នាក់ 

* ខេត្តកំពង់ស្ពឺ៖ ៤៣,២៤៤ នាក់

* ខេត្តកែប៖ ៣៨,៥៥៨ នាក់

* ខេត្តកោះកុង៖ ២៨,២៧៥ នាក់

* ខេត្តមណ្ឌលគិរី៖ ២២,០២៣ នាក់។

ជាការគួរកត់សម្គាល់ និងការវាយតម្លៃបឋមបន្ថែមពីលើរបាយការណ៍ប្រចាំថ្ងៃ ក្រសួងបានសង្កេតឃើញថា លើកនេះ ដោយសារផលវិបាកពីគ្រោះទឹកជំនន់ តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើនមានការថមថយចំនួន។ ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរី ក៏នៅទទួលបានភ្ញៀវច្រើន។ 

ចំពោះរាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងតំបន់វិមានឈ្នះ-ឈ្នះ។

ក្នុងរយៈពេលឈប់បុណ្យអុំទូកនេះមានសកម្មភាពទេសចរណ៍ល្អប្រសើរ គ្រាន់តែតំបន់ខ្លះហាក់ថមថយបន្តិចបើធៀបនឹងការឈប់សម្រាកមុនៗ ដោយហេតុថាកាលឈប់សម្រាកសងចូលឆ្នាំ គឺជាការឈប់សម្រាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈ រីឯកាលភ្ជុំបិណ្ឌ គឺជាការដើរកម្សាន្តបន្ត ក្រោយធ្វើបុណ្យនៅតាមវត្តអារាម។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ ហេដ្ឋារចនាសម្ពន្ធមួយចំនួនរងការខូចខាត និងខ្លះកំពុងជួសជុល។ ម្យ៉ាងទៀត ក៏ដោយការបារម្ភពីធាតុអាកាសឥទ្ធិពលព្យុះម៉ូឡាវផងដែរ។

ចំពោះការចំណាយ តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរមានកម្រិត ដោយសារពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារ តាមខ្លួនខ្លះ ខណៈដែលចំណូលមិនសូវមានច្រើនក្នុងដំណាក់កាលកូវីដ-១៩នេះ។ ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយចរន្តភ្ញៀវទេសចរផ្ទៃក្នុងនេះនៅគ្រប់គោលដៅទេសចរណ៍។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ ដោយឡែក បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ។

ទន្ទឹមនឹងនេះ គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមដំបូន្មានក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានី-ខេត្ត៕


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម សួន វិសាល អតីត​ប្រធាន​គណៈមេធាវី ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​
ព័ត៌មានជាតិ
ហុង​គ្រី បើក​ការិយាល័យ នៃ​ស្ថានទូត​ហុង​គ្រី ប្រចាំ​កម្ពុជា
ព័ត៌មានជាតិ
ទារិកាទើបនឹងកើត​ ដែលគេច្រកថង់យកទៅបោះចោលនៅគំនរសំរាម​ ត្រូវបានសង្គ្រោះ និងមានអ្នកទទួលចិញ្ចឹម​
ព័ត៌មានជាតិ
ឯកឧត្ដម​ ហង់​ជួន ណារ៉ុន ​ប្រកាស​ ​និង​ចុះ​ពិនិត្យ​ការ​​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា ​​ដំណាក់​កាល​ទី​៣ នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ​
ព័ត៌មានជាតិ
GOOD NEWS: អូស្ត្រាលីប្រកាសផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ​និងគាំទ្រកម្ពុជា ​ដើម្បីទទួលបានថ្នាំបង្ការប្រកបដោយសុវត្ថិភាព​ និងតម្លៃសមរម្យ ​
ព័ត៌មានជាតិ
និស្សិតកសិកម្មកម្ពុជាចំនួន ១ ២៧១នាក់​ បានទៅសិក្សានៅប្រទេសអ៊ីស្រាអែល, សម្រាប់ឆ្នាំនេះ មានចំនួន ១៩៩នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី