(ថៃ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងការពន្យារសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅប្រទេសថៃ។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពលករកម្ពុជានៅក្នុងប្រទេសថៃ ដែលមិនអាចត្រឡប់ទៅកម្ពុជាបាន ក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពដ៏ខ្ពង់ខ្ពស់បំផុត អនុញ្ញាតឲ្យពន្យារសុពលភាពលិខិតធ្វើដំណើរ ឬប៉ាស្ព័រខ្មៅ ដែលអស់សុពលភាពបាននៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាអំពាវនាវដល់បងប្អូនពលករអញ្ជើញមកដាក់ពាក្យស្នើសុំពន្យារសុពលភាពលិខិតធ្វើដំណើរនៅស្ថានទូតដោយខ្លួនឯង ដោយឥតគិតថ្លៃ ដើម្បីជៀសផុតពីការយកកម្រៃសេវានានាពីភ្នាក់ងារកណ្តាលណាមួយ។ ព័ត៌មានលម្អិតសូមទាក់ទងផ្នែកកុងស៊ុល លេខទូរស័ព្ទ ០៩២៨០៥០៥៦១៕
no


