(ភ្នំពេញ)៖ របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅថ្ងៃឈប់សម្រាក ៣ថ្ងៃ នៃពិធីបុណ្យអុំទូក គឺនៅថ្ងៃទី៣០ ថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សរុបចំនួន ៣៦លើក បណ្តាលឲ្យស្លាប់ ១៩នាក់ និងរបួស ៥៣នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃឈប់សម្រាកបុណ្យអុំទូក ឆ្នាំនេះ ស្មើនឹងឆ្នាំមុន តែចំនួនអ្នកស្លាប់ កើនឡើង ខណៈដែលអ្នករងរបួស បានថយចុះ។
របាយការណ៍ប្រចាំថ្ងៃរបស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃបុណ្យអុំទូក ថ្ងៃទី១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១៣លើក បណ្តាលឲ្យស្លាប់ ៤នាក់ និងរបួស ២០នាក់។ អ្នកស្លាប់ទាំង ៤នាក់ គឺជាអ្នកធ្វើដំណើរតាមម៉ូតូ។
ដោយឡែក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃបុណ្យអុំទូក ថ្ងៃទី២ កើតមានគ្រោះថ្នាក់ចរាចរណ៍ ១៣លើក បណ្តាលឲ្យស្លាប់ ៧នាក់ និងរបួស ២០នាក់។ អ្នកស្លាប់ទាំង ៧នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។
ដោយឡែក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃឈប់សម្រាកបុណ្យអុំទូក ថ្ងៃទី៣ នៅទូទាំងប្រទេស កើតឡើងគ្រោះថ្នាក់ចរាចរណ៍ ១០លើក បណ្តាលឲ្យស្លាប់ ៨នាក់ និងរបួស ១៣នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៨នាក់ គឺមាន ៤នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និង ៣នាក់ ធ្វើដំណើរតាមរថយន្តតូច ព្រមទាំងម្នាក់ ជាថ្មើរជើង។
សូមរម្លឹកថា អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ ៣៦ករណី បណ្តាលឲ្យស្លាប់ ១០នាក់ និងរបួស ៧៧នាក់។
ដោយឡែក ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ចំនួន ៣៨ លើក បណ្តាលឲ្យស្លាប់ ១៦នាក់ និងរបួសសរុប ៦០នាក់។
ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ៣៩ លើក បណ្តាលឲ្យស្លាប់ ២៥នាក់ និងរងបួស ៤៥នាក់៕



