(កូរ៉េ)៖ ក្រុមការងារស្ថានទូតកម្ពុជាដឹកនាំដោយឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត កាលពីថ្ងៃសៅរ៍ បានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីមជ្ឈមណ្ឌលជាតិកោសល្យវិច័្ចយកូរ៉េ នៅទីក្រុងវ៉ុនជូ (Wonju) ដែលមានចម្ងាយប្រហែល 90 គីឡូពីសេអ៊ូល។
ការចុះទស្សនកិច្ចសិក្សាស្វែងយល់នេះ ដើម្បីជាមូលដ្ឋានកសាងឯកសារសម្រាប់រាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីពិចារណាសម្រេចស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េ ក្នុងគម្រោងសាងសង់ បំពាក់ឧបករណ៍ និងផ្ទេរចំណេះដឹង-បច្ចេកវិទ្យា មជ្ឈមណ្ឌលកោសល្យវិច័យមួយនៅកម្ពុជា។
ឯកឧត្តម ឡុង ឌីម៉ង់ និងក្រុមការងារបានឃើញពីឧបករណ៍ទំនើបៗ និងជាពិសេសបច្ចេកវិទ្យាស្រាវជ្រាវ កំណត់អត្តសញ្ញាណបទឧក្រិដ្ឋនានា តាមរយៈការវិភាគលើ DNA, ស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរូបិយប័ណ្ណ...រហូតដល់ការធ្វើកោសល្យវិច័យទៅលើសាកសពនិង Crime scene investigation។
ជាមួយគ្នានេះ ឯកឧត្តម ឡុង ឌីម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ថា៖ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះបានធ្វើឱ្យយើងខ្ញុំយល់ឃើញថា គេប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យដើម្បីបកបង្ហាញការពិត៕




