(ភំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបា អំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋ និងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការខូចខាត និងផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះ ដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។ ឯកឧត្តមបានយល់ស្របថាកន្លងមកតាំងពីឆ្នាំ ១៩៧៩ កម្ពុជាក៏តែងតែបានជួបនូវផលលំបាកជាច្រើន ក៏ប៉ុន្តែកម្ពុជាក៏ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលប្រទេសគុយបាដោយបានផ្ដល់នូវជំនួយផ្សេងៗ ជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល។
ទន្ទឹមនេះលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា បានបង្ហាញអំពីការចូលរួមរំលែកទុក្ខពីប្រជាជន និងរដ្ឋាភិបាលគុយបាចំពោះប្រជាពលរដ្ឋកម្ពុជាទាំង ៣៦នាក់ ដែលបានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះផងដែរ ហើយលោកជំទាវជឿជាក់ថា ស្ថានភាពគ្រោះទឹកជំនន់នាពេលនេះបានធូរស្បើយហើយសង្ឃឹមថា កម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូនជាបន្តបន្ទាប់ទៀត ជាពិសេសលោកជំទាវក៏បានកោតសរសើរដល់កម្ពុជាថា ជាប្រទេសគំរូមួយដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរាតត្បាតកូវីត១៩ ដែលកំពុងរីករាលដាលនៅតាមបណ្ដាប្រទេសនៅពាសពេញពិភពលោកផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ការចូលជួបសំដែងការគួរសមនាពេលនេះគឺចំពេលគម្រប់ខួប១ឆ្នាំ ដែលលោកជំទាវបានមកដល់ប្រទេសកម្ពុជាក្នុងនាមជាឯកអគ្គរដ្ឋទូតនេះ និងបានសង្កេតឃើញថា ការរៀបចំនគរូបនីយកម្មនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាគឺពិតជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនធំអស្ចារ្យខុសពីអ្វីដែលលោកជំទាវធ្លាប់បានឮពីមុនមក។
ម្យ៉ាងទៀតឆ្នាំ២០២០នេះជាឆ្នាំនៃខួបគម្រប់ ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបាដូច្នេះហើយភាគីគុយបានឹងរៀបចំកម្មវិធីជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា ដោយក្នុងនោះស្ថានទូតគុយបាកំពុងតែខិតខំរិះរកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ហើយនឹងស្វះស្វែងជួបជាមួយបណ្ដាក្រសួងស្ថាប័ននានា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីព្រោះកន្លងមកគុយបាធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល អប់រំ កីឡាវប្បធម៌ និងកសិក ម្មប៉ុន្តែសង្ឃឹមថា នឹងមានវិស័យផ្សេងៗទៀតដែលស្ថានទូតគុយបាអាចធ្វើសហប្រតិបត្តិការជាមួយកម្ពុជាបាន។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ប្រទេសគុយបា ដែលបានផ្ដល់នូវសច្ចភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ដែលកម្ពុជាទទួលបានជោគជ័យជាពិសេសគឺជោគជ័យលើផ្នែកសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ថ្វីដ្បិតតែក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មិនធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសគុយបាកន្លងមកនោះក៏ពិតមែន ប៉ុន្តែក្នុងឱកាសនេះក្រសួងក៏នឹងខិតខំរិះរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងស្ថានទូតគុយបាផងដែរ៕




