(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី ២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា លោក ងនសាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា រួមជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនទាំងអស់ បានជួបសំណេះសំណាល និងប្រគល់អំណោយជាអង្ករ ចំនួន២០តោន ទឹកត្រី ១០០០យួរ និងទឹកស៊ីអ៊ីវ ១០០០យួរ ទៅដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងពេលដែលកម្ពុជាកំពុងតែជួបនូវគ្រោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តមួយចំនួន។
កម្មវិធីនេះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ពីសម្តេចគតិព្រឹត្តបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការងារសប្បុរសធម៏ដើម្បីរួមចំណែកជួយសង្គម ពោលគឺមានសកម្មភាពសង្គមជាច្រើនទៀតដែលមានដូចជា៖ ចែកអំណោយសប្បុរសធម៏ដល់ប្រជាជានរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ និងពោធិ៏សាត់ សាងសង់សាលារៀន បណ្ណាល័យ និងមជ្ឈមណ្ឌលបណ្តោះបណ្តាលបច្ចេកទេស ដាំដើមឈើ បរិច្ចាកឈាម ចែកមួកសុវត្ថិភាព ក៏ដូចជាផ្តល់ធុងសម្រាមទៅតាមសាលារៀន និងទីធ្លាសាធារណៈជាដើម។ល៕


